ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានសម្រុកចូលខុនដូមួយកន្លែងបានឃាត់ខ្លួនជនសង្ស័យដែលលួចថតរឿងអាសអាភាស (ជួញដូរផ្លូវភេទ និងថតរឿងអាសអាភាស) នៅជាន់ទី០៩ តាមបណ្ដោយផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង កាលម៉ោងជាង៨យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ។
ក្នុងប្រតិបត្តិការនេះ គេសង្កេតឃើញមានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌបឹងកេងកង មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនបានធ្វើការចុះឡោមព័ទ្ធអគារខុនដូមួយកន្លែងមានឈ្មោះ (វ៉ាវ ណាវ)(WOW NOW)ខាងលើនេះ និងឃាត់បានមនុស្សប្រុសស្រីជាជនជាតិបរទេសជាង៥០នាក់ ដាក់បញ្ចូលក្នុងរថយន្តសារ៉ែនបញ្ចូនទៅកាន់ក្រសួងមហាផ្ទៃដើម្បីចាត់ការបន្តតាមនីតិវិធី ។
មន្ត្រីសមត្ថកិច្ចជំនាញបានឲ្យដឹងទៀតថា មុននឹងឈានដល់ការបង្ក្រាបករណីនេះគឺបន្ទាប់ពីបែកធ្លាយខ្សែភាពយន្តខ្លីបែបក្ដៅសាច់រវាងនារីខ្មែរ និងជនបរទេសបង្កឱ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ទើបកម្លាំងនគរបាលជំនាញទទួលបានបទបញ្ចាពីថ្នាក់ដឹកនាំក៏បានដាក់កម្លាំងជាច្រើនចុះធ្វើការបង្ក្រាបតែម្ដង ៕
ដោយ ៖ វិសាល