យោងតាមរដ្ឋាភិបាលរួបរួមជាតិរបស់ជនស៊ីវិល (NUG) បានឱ្យដឹងថា កងកម្លាំងយោធាមីយ៉ាន់ម៉ាបានបំផ្លាញមន្ទីរពេទ្យ និងគ្លីនិកយ៉ាងហោចណាស់ចំនួន 35 បន្ថែមទៀត ដែលជាមធ្យមរៀងរាល់ពីរថ្ងៃម្តងនៅក្នុងរដ្ឋ Shan, Rakhine, Mon និង Chin និងតំបន់ Magwe ក្នុងរយៈពេលពីរខែចាប់តាំងពីចុងខែកុម្ភៈ។

មន្ទីរពេទ្យ Wun Ma Thuu ក្នុងទីប្រជុំជន Mindat រដ្ឋ Chin ត្រូវបានទម្លាក់គ្រាប់បែកនៅយប់ថ្ងៃទី 25 ខែមេសា ដែលជាគោលដៅចុងក្រោយបំផុតនៃមណ្ឌលសុខភាពដោយស្នាដៃរបបយោធាមីយ៉ាន់ម៉ា។ការវាយប្រហារតាមអាកាសបានសម្លាប់អ្នកជំងឺបួននាក់ និងគ្រូពេទ្យម្នាក់ និងបានធ្វើឱ្យមនុស្សជាច្រើននាក់ទៀតរងរបួស។

រដ្ឋាភិបាលរួបរួមជាតិរបស់ជនស៊ីវិលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី 28 ខែមេសាកន្លងទៅនេះថា របបយោធាបានធ្វើការវាយប្រហារតាមអាកាសយ៉ាងជាប់លាប់ និងដោយចេតនាលើតំបន់ដែលមានជនស៊ីវិល និងការវាយប្រហារដោយអមនុស្សធម៌លើវិស័យសុខាភិបាល” ។

នៅថ្ងៃទី 28 ខែកុម្ភៈ NUG បានរាយការណ៍ថា កងកម្លាំងរដ្ឋាភិបាលយោធាបានបំផ្លាញមន្ទីរពេទ្យ និងគ្លីនិកសរុបចំនួន 308 ចាប់តាំងពីរដ្ឋប្រហារយោធាក្នុងខែកុម្ភៈឆ្នាំ 2021មកនោះ ។ តួលេខនេះបានកើនឡើងដល់ 343 កន្លែង ដែលត្រូវបានបំផ្លាញ ហើយបុគ្គលិកសុខាភិបាល 104 នាក់បានស្លាប់ និង 131 នាក់បានរងរបួស។
NUG បានរាយការណ៍ថា កងទ័ពជុនតាបានបើកការវាយប្រហារសរុបចំនួន 1,293លើក លើវិស័យសុខាភិបាលចាប់តាំងពីរដ្ឋប្រហារមក។ យោងតាមទិន្នន័យពីក្រសួងសុខាភិបាលរបស់ NUG បានឱ្យដឹងថា របបយោធាក៏បានឃុំខ្លួនបុគ្គលិកពេទ្យជាង 800 នាក់ផងដែរ ដោយការបដិសេធមិនធ្វើការក្រោមការគ្រប់គ្រងរបស់របបយោធា។នេះបើយោងតាម The Irrawaddy ចេញផ្សាយនៅថ្ងៃនេះ៕

ប្រែសម្រួលដោយ៖ វាសនា