ទីភ្នាក់ងារការពារជនស៊ីវិលរបស់រដ្ឋបាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ ខែឧសភា ឆ្នាំ២០២៤នេះថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅក្នុងប្រទេសប្រេស៊ីលបានបណ្តាលឱ្យមនុស្សចំនួន 150 នាក់បានស្លាប់ និង 112 នាក់ផ្សេងទៀតបានបាត់ខ្លួននៅក្នុងរដ្ឋ Rio Grande do Sul ភាគខាងត្បូង។

ទីភ្នាក់ងារដដែលនេះបានរាយការណ៍ថា មនុស្សចំនួន 807 នាក់បានរងរបួសជាមួយនឹងមនុស្សជាង 2 លាននាក់ដែលរងផលប៉ះពាល់ និង 620,000នាក់ ត្រូវបានផ្លាស់ទីលំនៅដោយសារទឹកជំនន់។ហើយក៏បានធ្វើការកត់សម្គាល់ផងដែរថា មនុស្សចំនួន 80,000នាក់ ត្រូវបានជួយសង្គ្រោះពីតំបន់គ្រោះមហន្តរាយ ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការបន្ត។

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ដែលទៅទស្សនាតំបន់គ្រោះមហន្តរាយនោះ បានប្រកាសអំពីកញ្ចប់ជំនួយថ្មីដល់តំបន់រងគ្រោះនោះបន្ថែមទៀត។ សភាតំណាងប្រទេសប្រេស៊ីលបានអនុម័តជាឯកច្ឆ័ន្ទលើការពន្យារពេលបីឆ្នាំនៃបំណុលរបស់ Rio Grande do Sul ទៅរតនាគារ។
កាលពីថ្ងៃទី 3 ខែឧសភា អភិបាលក្រុង Rio Grande do Sul លោក Eduardo Leite បានប្រកាសថា ស្ថានភាពដែលកំពុងកើតមាន ពិសេសបំផុត ហើយបានចាត់ទុកវាថា ជាព្រឹត្តិការណ៍បំផ្លិចបំផ្លាញបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋ ។ រដ្ឋបានប្រកាសពីស្ថានភាពគ្រោះមហន្តរាយ រយៈពេល 180 ថ្ងៃ និងបានខិតខំប្រឹងប្រែងយ៉ាងសំខាន់ក្នុងការជម្លៀសប្រជាជនចេញពីតំបន់ដែលបង្កឡើងដោយគ្រោះមហន្តរាយដ៏អាក្រក់នេះ។នេះបើយោងតាម A News ចេញផ្សាយនាថ្ងៃនេះ៕



ប្រែសម្រួលដោយ៖ វាសនា