ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ Gaza បានកាន់ទុក្ខចំពោះការស្លាប់របស់អ្នកកាសែតចំនួន៤នាក់បន្ថែមទៀតកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ ដែលអ្នកកាសែតទាំងនោះត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់កងទ័ពអ៊ីស្រាអែលទៅលើតំបន់ជុំវិញនោះ។ អ្នកកាសែត៤នាក់ត្រូវបានគេធ្វើឃាត ក្នុងនោះក៏មានស្ត្រីម្នាក់ផងដែរ។


ការិយាល័យផ្សព្វផ្សាយនៅក្នុងតំបន់នេះបានប្រកាសថា ចំនួនអ្នកកាសែតដែលបានស្លាប់នៅតំបន់GAZA ចាប់តាំងពីថ្ងៃទី៧ ខែតុលាឆ្នាំមុនមករហូតមកដល់ពេលនេះបានកើនឡើងដល់១៤៧នាក់ហើយ។

អ៊ីស្រាអែលបានបន្តការវាយលុកយ៉ាងព្រៃផ្សៃទៅលើតំបន់ GAZA បើទោះជាមានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ក្តី។

ប្រជាជនប៉ាឡេស្ទីនជាង 35,200នាក់ត្រូវបានសម្លាប់ចាប់តាំងពីពេលនោះមក ភាគច្រើនជាស្ត្រី និងកុមារ ហើយជាង 79,200 នាក់បានរងរបួសចាប់តាំងពីដើមខែតុលា ឆ្នាំមុននោះមក បន្ទាប់ពីការវាយប្រហារដោយក្រុមហាម៉ាស់។

ជាងប្រាំពីរខែនៅក្នុងសង្រ្គាមអ៊ីស្រាអែល កន្លែងដ៏ធំនៃតំបន់ GAZA បានខ្ទេចខ្ទាំ ចំពេលមានការរាំងខ្ទប់អាហារ ទឹកស្អាត និងថ្នាំពេទ្យ។អ៊ីស្រាអែលត្រូវបានចោទប្រកាន់ពីបទ “ប្រល័យពូជសាសន៍” នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលបានបញ្ជាឱ្យទីក្រុង Tel Aviv ធានាកងកម្លាំងរបស់ខ្លួនមិនប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងចាត់វិធានការដើម្បីធានាថា ជំនួយមនុស្សធម៌ត្រូវបានផ្តល់ដល់ជនស៊ីវិលនៅតំបន់ GAZA នោះ។នេះបើតាម A News ចេញផ្សាយនាថ្ងៃនេះ៕


ប្រែសម្រួលដោយ៖ វាសនា