មនុស្សចំនួន១៨នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារអត្តឃាតមួយនៅប្រទេសនីហ្សេរីយ៉ា

យ៉ាងហោចណាស់មនុស្សចំនួន ១៨នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមានការបំផ្ទុះជាបន្តបន្ទាប់ដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតជាស្ត្រី ដែលសំដៅលើពិធីមង្គលការ មន្ទីរពេទ្យ និងពិធីបុណ្យសពនៅរដ្ឋ Borno ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា។ អ្នកនាំពាក្យប៉ូលីសរដ្ឋ Borno លោក Nahum Kenneth Daso បាននិយាយកាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះថា ការបំផ្ទុះចំនួនបីបានកើតឡើងកាលពីថ្ងៃសៅរ៍នៅក្នុងទីប្រជុំជន Gwoza ដែលឆ្លងកាត់ព្រំដែនពីប្រទេសកាមេរូន។

នៅក្នុងការវាយប្រហារនេះបានកើតឡើងនៅវេលាម៉ោងប្រហែល 3 និង45នាទីរសៀលកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ដោយស្ត្រីម្នាក់បានបីទារកនៅលើខ្នងរបស់នាង ហើយបានបំផ្ទុះគ្រាប់បែកនោះ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនបំផ្ទុះគ្រាប់បែកអត្តឃាត ក៏បានកំណត់គោលដៅលើមន្ទីរពេទ្យមួយក្នុងទីក្រុងដូចគ្នាដែរ។ អាជ្ញាធរ​បាន​និយាយ​ថា ការ​វាយ​ប្រហារ​មួយ​ផ្សេង​ទៀត​បន្ទាប់​មក​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បុណ្យ​សព​សម្រាប់​ជន​រង​គ្រោះ ​ក្នុង​ការ​បំផ្ទុះ​ក្នុង​ពិធី​មង្គលការ។

ប្រធានទីភ្នាក់ងារ Barkindo Saidu បាននិយាយនៅក្នុងរបាយការណ៍មួយថា រហូតមកដល់ពេលនេះ មានមនុស្សស្លាប់ចំនួន 18 នាក់រួមមានកុមារ បុរស ស្ត្រី និងស្ត្រីមានផ្ទៃពោះផងដែរ។មនុស្សចំនួន 19 នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរដ្ឋធានីក្នុងតំបន់ Maiduguri ៕

ប្រភព៖ Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២