គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ចូលរួមសាមគ្គីនិងគាំទ្រភាគីចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញអំពីការចូលរួមសាមគ្គី និងគាំទ្រចំពោះបក្សកុម្មុនីស្តចិន រដ្ឋាភិបាលចិន និងប្រជាជានចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។

សេចក្តីថ្លែងការណ៍របស់ គណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា៖គណបក្សប្រជាជនកម្ពុជា សូមបញ្ជាក់អំពីការប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌ជាសកលរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគ Covid-19 និងសូមគាំទ្រចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាលចិន ដឹកនាំដោយគណបក្សកុម្មុយនីស្តចិន ដែលបានបង្ហាញឆន្ទៈដ៏មុតស្រួច និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

គណបក្សនេះបានអះអាងថា ដំណើរកិច្ចពិសេសរបស់ សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិននៅពេលដែលមានមេរោគនេះ កំពុងរីករាលដាលខ្លាំង កាលពីថ្ងៃទី០៥ ខែកុម្ភៈកន្លងទៅនេះ បានបញ្ជាក់យ៉ាងច្បាស់ពីចំណងមិត្តភាពជាបងប្អូនល្អ ដែលយល់ទុក្ខធុរៈគ្នាពេលមានការលំបាក ដើម្បីលើកទឹកចិត្ត និងប្ដេជ្ញារួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគដ៏សាហាវនេះ។ ជាងនេះទៅទៀត កម្ពុជាជាប្រទេសតែមួយគត់ ដែលបានអនុញ្ញាតឲ្យនាវា westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ប្រកបដោយជោគជ័យ និងដោយគ្មានអ្នកដំណើរណាម្នាក់ឆ្លងជំងឺនេះឡើយ។

គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការប្រយុទ្ធប្រឆាំងនឹងមេរោគ Covid-19 គឺជាចលនាសកលមួយ ដែលត្រូវរួមគ្នាប្រយុទ្ធប្រឆាំងប្រកបដោយវិទ្យាសាស្ត្រ ស្មារតីមនុស្សធម៌ សាមគ្គីភាព និងមិនត្រូវរើសអើងឡើយ។ កម្ពុជាបានគាំទ្រស្មារតីនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន នៅទីក្រុងវៀងច័ន្ទ ដែលស្នើឲ្យមានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ស្ដីពីកូរ៉ូណានៅពេលវេលាសមស្រប ។

គណបក្សប្រជាជនកម្ពុជា បានបង្ហាញការគាំទ្រជានិច្ចដល់គណបក្សកុម្មុយនីស្តចិន ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋចិន និងប្រជាជនចិន ព្រមទាំងអ្នកជំងឺទាំងអស់ និងជាពិសេសក្រុមគ្រូពេទ្យទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវនេះ។ យើងសង្ឃឹមថា អ្នកវិទ្យាសាស្ត្រនៅទូទាំងសកលលោក និងអាចរកឃើញនូវវ៉ាក់សាំងប្រឆាំងមេរោគ Covid-19 និងថ្នាំព្យាបាលដ៏មានប្រសិទ្ធភាពក្នុងពេលដ៏ឆាប់ខាងមុខនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២