ជនជាតិថៃ១១នាក់ឆ្លង COVID-19 ពីអ្នកទេសចរមកពីហុងកុង ដែលបានធ្វើពិធីជប់លៀងរួមគ្នា

(បាងកក)៖តាមការចេញផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០ បានអោយដឹងថា អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញករណីឆ្លងថ្មីនៃវីរុស កូរ៉ូណាថ្មី ឬ COVID-19 សរុបចំនួន ១១នាក់បន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ ដែលនាំឲ្យចំនួនអ្នកកើតជំងឺនេះកន្លងមក នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កើនដល់ ៧០ករណី។

បើតាមអាជ្ញាធរថៃករណីថ្មីៗទាំង ១១នាក់ខាងលើនេះ គឺសុទ្ធតែជាជនជាតិថៃខ្លួនឯងតែម្តង។ ពួកគេបានប្រាស្រ័យទំនាក់ទំនង និងស៊ីផឹកជាមួយជនជាតិចិនហុងកុងម្នាក់ ដែលជាប្រភពចម្លងនៃជំងឺនេះ។

លោក សុផុន ឡាំសិរីថាវ៉ុន (Sopon Iamsirithawon) ដែលជានាយកនៃអគ្គនាយកដ្ឋានជំងឺឆ្លងថៃ បានលើកឡើងយ៉ាងដូច្នេះថា «អ្នកទេសចរហុងកុងខាងលើមកលេងថៃតែម្នាក់ឯងទេ ហើយបានត្រឡប់ទៅវិញហើយ ខណៈអ្នកដែលឆ្លងពីគាត់ទាំង ១១នាក់ហ្នឹងគឺសុទ្ធតែជាជនជាតិថៃ»។

គួរជម្រាបថា រហូតមកដល់ពេលនេះ បើបូកបញ្ចូលទាំងករណីឆ្លងថ្មីៗខាងលើ ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ៧០ករណីហើយ ដោយក្នុងនោះម្នាក់បាត់បង់ជីវិត និងភាគច្រើនបំផុតត្រូវបានក្រុមគ្រូពេទ្យថៃ ព្យាបាលឲ្យបានជាសះស្បើយរួចទៅហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២