រថយន្ត ២៧គ្រឿងខូចខាត និងមនុស្ស៣នាក់រងរបួស ក្នុងករណីអគ្គិភ័យឆេះនៅឆេះឃ្លាំងស្តុកទុករថយន្ត Mitsubishi Motors ខណ្ឌសែនសុខ

(ភ្នំពេញ)៖ ករណីអគ្គិភ័យឆេះ អគារបម្រើសេវាកម្មជួសជុលរថយន្តសង់ពីបេតុងប្រក់ស័ង្កសី និងឆេះឃ្លាំងស្តុកទុករថយន្ត ក្រុមហ៊ុន Mitsubishi Motors ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី អគារលក់ និងជួសជុលរថយន្ត ក្រុមទី០៣ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុន រាជធានីភ្នំពេញ នៅវេលាម៉ោង ១៥៖០០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បណ្តាឱ្យមនុស្ស៣នាក់ រងរបួស ខូចខាតរថយន្តស៊េរី ២០២០ ចំនួន ២៧គ្រឿង ហើយបើគិតជាទំហំទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារ ខណៈមូលហេតុកម្លាំងនគរបាលជំនាញ កំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

បើតាមរបាយការណ៍របស់ប្រធានការិយាល័យបង្ការ និងសង្គ្រោះអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការ ជួយសង្គ្រោះ កម្លាំងសមត្ថកិច្ចជំនាញទាំងអស់ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣៧គ្រឿង ប្រើទឹកចំនួន ៧០ឡាន ទើបអាចគ្រប់គ្រង និងបាញ់ពន្លត់បានទាំងស្រុង រហូត១៧៖០០នាទី។

របាយការណ៍ បានឱ្យដឹងថា ម្ចាស់ឃ្លាំងរថយន្តខាងលើមានឈ្មោះ ឡៅ សាក់ ភេទប្រុស អាយុ៤៣ឆ្នាំ។ មូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត។

មានជនរងគ្រោះរបួសចំនួន ០៣នាក់រួមមានទី១៖ ឈ្មោះ អ៊ិត សុខា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ មន្រ្តីការិយាល័យអគ្គិភ័យ, ទី២៖ ឈ្មោះ ព្រហ្ម បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មន្រ្តីការិយាល័យអគ្គិភ័យ និងទី៣៖ ឈ្មោះ ផាន់ សំអ៊ាង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិកអគ្គិភ័យក្រុមហ៊ុនកោះពេជ្រ។

របាយការណ៍បានលម្អិតថា ក្នុងប្រតិបត្តិការនេះ រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ប្រើរថយន្តចំនួន ២០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣៥ឡាន ស្មើនឹង១៧៤ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប, រថយន្តអគ្គិភ័យកងរាជធានីភ្នំពេញ ចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៨ឡាន ស្មើនឹង ៤៨ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន ស្មើនឹង ៥០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១២ឡាន ស្មើនឹង ៩០ម៉ែត្រគូប និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៥ឡាន ស្មើនឹង ៣០ម៉ែត្រគូប៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២