ចុងសប្តាហ៍មិនដឹងទៅដើរលេងកន្លែងណា ទៅលេងរមណីយដ្ឋាន​កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ នៅជិតហើយ មានទេសភាពស្រស់ស្អាតខ្លាំង

​រមណីយដ្ឋាន​កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យមានទេសភាពធម្មជាតិស្រស់ស្អាតខ្លាំង រមណីយដ្ឋាននេះមានចម្ងាយ៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ បើយើងធ្វើដំណើរដោយរថយន្តគឺប្រើរយៈពេលត្រឹមតែជាង១ម៉ោងប៉ុណ្ណោះនឹងដល់រមណីយដ្ឋានកសិ-ទេសចរណ៍ដ៏ស្រស់ស្អាតនេះហើយ។រមណីយដ្ឋាន​កសិ-ទេសចរណ៍នេះមានទីតាំងស្ថិតនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបង្អួតសម្រស់យ៉ាងស្រស់ស្អាតគ្មានពីរនៅក្នុងព្រះរាជាណាចក្រកម្ពុជារងចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរទៅទស្សនាកម្សាន្ត គយគន់មើលផ្ទាំងទស្សនីយភាពធម្មជាតិដ៏ស្រស់បំព្រងនៅទីនោះ។

ក្រៅពីគយគន់មើលទេសភាពធម្មជាតិយ៉ាងស្រស់បំព្រងនៅទីនោះហើយ នៅក្នុងរមណីយដ្ឋាន​កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យនេះក៏មានសួនសត្វ ការជិះឡូរី ទីលានប្រណាំងរថយន្ត និងម៉ូតូផងដែរ។

អ្នកឧកញ៉ាម៉ុង ឫទ្ធី ដែលជាម្ចាស់ និងជាអ្នកបោះទុនវិនិយោគរមណីយដ្ឋាន​កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យនេះបានប្រាប់ពីគោលបំណងក្នុងការប្រែក្លាយតំបន់នោះទៅជារមណីយដ្ឋាន​កសិ-ទេសចរណ៍នេះថា៖ ខ្ញុំបានយល់ឃើញថាប្រជាជនខ្មែរយើងភាគច្រើនគឺពួកគាត់បានទៅធ្វើទេសចរណ៍នៅបរទេសច្រើន ហើយចំពោះការចំណាយលើការធ្វើដំណើរ ការហូបចុក ក៏ដូចជាការស្នាក់នៅផ្សេងៗគឺមានការចំណាយថវិការច្រើន ដូច្នេះហើយបានជាខ្ញុំមានគំនិតបង្កើតរមណីយដ្ឋានដ៏ប្រណិតនេះឡើងដើម្បីទាក់ទាញភ្ញៀវទេសចររបស់យើងឱ្យមកដើរលេងក្នុងស្រុក ចាយលុយក្នុងស្រុកវិញ វាប្រសើរជាងទៅដើរលេងនៅក្រៅស្រុក ដែលចំណាយលុយច្រើន។យើងធ្វើតំបន់កសិ-ទេសចរណ៍នេះ គឺមានកសិកម្មផង​ និង ជាកន្លែងសម្រាប់ដើរលេងផង ហើយចំពោះតម្លៃនៅកន្លែងទេសចរណ៍នេះផងដែរ ក៏មានតម្លៃសមរម្យ សម្រាប់អ្នកមិនសូវមានថវិការក៏អាចមកលេងបានដែរ ដើម្បីចូលរួមចំណែកកាត់បន្ថយប្រជាជនខ្មែរកុំគាត់ទៅធ្វើទេសចរណ៍នៅបរទេសច្រើនពេកគឺខ្ញុំបានខិតខំប្រឹងប្រែងក្នុងការធ្វើកន្លែងនេះឡើង។

អ្នកឧកញ៉ា ម៉ុង ឬទ្ធីបានមានប្រសាសន៍បន្តទៀតថា តាំងពីចាប់ផ្តើមមកគឺមានរយៈពេលជិត២០​ឆ្នាំហើយ ដែលខ្ញុំបានមកទិញដីនៅទីនេះគឺចាប់ផ្តើមទិញម្តងបន្តិចៗ បើសរុបតែម្តងគឺចូលជិត ៥០០ហិកតាហើយ ជាមួយនឹងការអភិវឌ្ឍន៍នៅទីនេះ យើងក៏មានការសាងសង់ផ្លូវប្រវែង ១១០គីឡូម៉ែត្រផងដែរ។បើសិនជាយើងធ្វើកន្លែងទេសចរណ៍ហើយ យើងអត់អភិវឌ្ឍគឺគេនិងមិនចង់មកទៀតទេគឺមកតែម្តងលែងចង់មកទៀតហើយ។ ដោយសារតែមនុស្សយើងភាគច្រើនគឺគេតែងតែ

ចង់បានអ្វីដែលប្លែក អ៊ីចឹងហើយទើបខ្ញុំត្រូវតែអភិវឌ្ឍន៍រហូត និងជាបន្តបន្ទាប់។នៅតំបន់នេះគឺមិនមានព្រែក ស្ទឹង ទន្លេ បឹងបួរនោះទេ ដូច្នេះហើយគឺយើងត្រូវតែ ជីកជាស្រះធ្វើទំនប់ទប់ទឹក ទុកសម្រាប់ប្រើប្រាស់។ នេះគឺជាការអភិវឌ្ឍន៍មួយដែលមិនអាចខ្វះបាន ហើយចំពោះការចំណាយថវិការក៏ចំណាយអស់ច្រើនដែរ។​

ទាក់ទងនឹងទី​លានប្រណាំងរថយន្តអ្នកឧកញ៉ា ម៉ុង ឬទ្ធីបានបញ្ជាក់ថា ការបង្កើតទីលានប្រណាំងរថយន្ត នៅក្នុងតំបន់រមណីយដ្ឋានទេចរណ៍នេះឡើងគឺវាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះនៅក្នុងស្រុកខ្មែរយើងអត់ទាន់មានទីលានប្រណាំងរថយន្ត ទីលានបង្រៀនចេះប្រើប្រាស់ និងបើករបរថយន្តនៅឡើយទេ។ ហើយឡូរី ក៏ជាចំណុចសំខាន់មួយដែរ និង សួនសត្វ ដែលមានសត្វព្រៃចំនួន ៣៨ប្រភេទ មានដូចជាតោ ខ្លា កង់គូរូ ភេជាដើម។ ជាពិសេសទៅទៀតនោះគឺព្រៃឈើខ្ញុំបានដាំ

ក្នុងមួយឆ្នាំយ៉ាងតិចគឺ១០ ០០០ដើម ដែលខ្ញុំបានដាំបន្ថែម និងព្រៃឈើធម្មជាតិមួយចំនួនទៀតផងដែរ។

នៅពេលសួរថា តើនៅថ្ងៃអនាគត អ្នកឧកញ៉ាមានគម្រោងអ្វីបន្ថែមទៀតដែរឬទេ?អ្នកឧកញ៉ា ម៉ុង​ ឬទ្ធីបានមានប្រសាសន៍ថា នៅទីនេះគឺយើងទាល់តែសង់សណ្ឋាគារធំមួយ បើសិនជាយើងមិនសង់ទេ  ប្រសិនជាមានភ្ញៀវមក  ពួកគាត់ចង់​ស្នាក់នៅយូរគឺមិនមានកន្លែងសម្រាប់សម្រាកទេ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺនៅត្រង់ថាការវិនិយោគតែម្នាក់ឯង មិនមានប្រាក់កម្ចី លុយផ្ទាល់ខ្លួនគឺពិបាកបន្តិច គឺមិនអាចធ្វើតាមចិត្តចង់បានឡើយ។ហើយនៅក្នុងតំបន់រមណីយដ្ឋាន​កសិ-ទេសចរណ៍នេះគឺយើងបានសាងសង់ផ្ទះចំនួន១២៧ផ្ទះ សម្រាប់លក់ជូនប្រជាពលរដ្ឋរបស់យើងដែលមានតម្រូវការចង់ទិញផ្ទះទុកមកស្នាក់នៅ និងលម្ហែនៅទីនេះ ប៉ុន្តែយើងក៏បានលក់អស់ច្រើនហើយ គឺនៅសល់ប្រហែលជា១០ផ្ទះតែប៉ុណ្ណោះ៕

       

ដោយ៖ ហាក់ សុខហេង

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២