ពានរង្វាន់ធំៗពីរនៅក្នុងប្រទេសកម្ពុជាត្រូវបានផ្អាកជាបណ្តោះអាសន្ន

(ភ្នំពេញ) ៖  ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០ ត្រូវបានផ្អាកជាបណ្តោះអាសន្ន បេីយោងតាមសេចក្តីប្រកាសរបស់គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា ហៅកាត់ថា CNCC បានប្រកាសនៅរសៀលថ្ងៃព្រហស្បត៍ ទី១៩ ខែមីនា ឆ្នាំ២០២០នេះ។

ចំពោះមូលហេតុដេីម្បីចូលរួមចំណែកបង្ការនិងជួយទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 នៅបណ្តាលប្រទេសមួយចំនួនលេីសកលលោក ហេីយប្រទេសកម្ពុជាក៏បាននឹងកំពុងជួបប្រទះនាពេលបច្ចុប្បន្នផងដែរនោះ ព្រមទាំងទទួលបានលិខិតជូនដំណឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដូច្នេះការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ចាប់ពីថ្នាក់ខេត្តវគ្គ១/៤ផ្តាច់ព្រ័ត្រ និងការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគចាប់ពីសប្តាហ៍ទី៦ នឹងធ្វេីការពន្យាជាបណ្តោះអាសន្នសិន។ សម្រាប់ការកំណត់កាលបរិច្ឆេទប្រកួតឡេីងវិញ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នឹងជូនដំណឹងនៅពេលក្រោយ។

សូមជម្រាបផងដែរថាការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគគឺជាពានរង្វាន់ដែលធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលការប្រកួតមានការចូលរួមពីសំណាក់ក្លឹបបាល់ទាត់ល្បីៗនៅក្នុងប្រទេសដូចជា ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា អង្គរថៃហ្គឺរ បឹងកេត ណាហ្គាវេីលដ៏ កងយោធពលខេមរភូមិន្ទ អាសុីអឺរ៉ុបយូណាយធីត អគ្គីសនីកម្ពុជា សូទីឡូអង្គរ គិរីវង្សសុខសែនជ័យ យុវជនសាលាបាល់ទាត់បាទីអាយុក្រោម១៨ឆ្នាំ និងនគរបាលជាតិ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២