កម្មវិធីMas Fight Cambodia និងផ្អាកជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

(ភ្នំពេញ) ៖ គណៈកម្មាធិការប្រកួតកីឡាប្រដាល់សេរីកម្ពុជាបានកោះប្រជុំបន្ទាន់មួយក្រោមអធិបតីភាព ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុន​ខ្មែរដើម្បីពិភាក្សាពីការរៀបចំការ​ប្រកួតប្រដាល់​នៅគ្រប់ស្ថានី​យទូរទស្សន៍ទាំងអស់ដែលរៀបចំការប្រកួត ខណៈដែលជំងឺកូវីដ១៩កំពុងតែ​មានវត្តមាន​នៅ​កម្ពុជា និងជាក្ដីបារម្ភរបស់ប្រជាពលរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល កិច្ចប្រជុំមួយព្រឹកធំ​ដែលបានរៀបចំ​ឡើងកាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នៅពហុកីឡាដ្ឋានជាតិអូឡាំពិច។

បើតាមឯកឧត្តម តែម ម៉ីន ការកោះហៅគ្រប់តំណាងស្ថានីយទូរទស្សន៍ទាំងអស់ គឺដើម្បីបានចូលរួមពិភាក្សា​និងប្រកាសឲ្យផ្អាកជាបណ្ដោះអាសន្ន ការប្រកួតប្រដាល់សេរីគ្រប់ស្ថានីយទូរទស្សន៏ទាំងអស់។

ស្របតាមការណែនាំគណៈកម្មាធិការប្រកួតកីឡាប្រដាល់សេរីកម្ពុជា ស្ថានីយទូរទស្សន៍TOWN FULL HD TV សម្រេចផ្អាកការប្រកួត​ប្រដាល់សេរីគុនខ្មែរលំដាប់ពិភពលោកMas Fight Cambodia ជាបណ្ដោះ​អាសន្នដើម្បីចូលរួមទប់ស្កាត់ជំងឺ​កូវីដ១៩ ដែលកំពុង​តែមានការកើនឡើងជាបន្តបន្ទាប់នៅកម្ពុជា។ ការផ្អាកបណ្ដោះអាសន្ននេះគឺធ្វើឡើងចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ តទៅ រហូតដល់ការជូនដំណឹងជាថ្មីម្ដងទៀត។

ទន្ទឹមនឹងនោះដែរក៏មានស្ថានីយទូរទស្សន៍ចំនួន៤ បានស្នើសុំប្រកួតបិទទ្វាមួយសប្ដាហ៍នេះសិនមុននឹងផ្អាកជាបណ្ដោះអាសន្ន ដែរមានដូចជាស្ថានី​យទូរទស្សន៍បាយ័ន ស្ថានីយទូរទស្សន៍CBS និងស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ និងស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ៥ផងដែរ។

សូមជម្រាបថា ការកោះហៅគ្រប់តំណាងស្ថានីយទូរទស្សន៍ទាំងអស់ គឺដើម្បីចូលរួមពិភាក្សា និងប្រកាសឲ្យផ្អាកជាបណ្ដោះអាសន្ន ការប្រកួតប្រដាល់សេរីគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់នេះ គឺបន្ទាប់ពីកម្ពុជា​គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះមានករណីឆ្លង​ជំងឺកូវីដចំនួន៤៧ករណី ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធក៏បាន​ប្រកាសហាមមិនឲ្យមានការជួបជុំមនុស្ស​ច្រើនកុះករ ដែលជាកត្តាងាយឆ្លងជំងឺកូវីដ១៩ផងដែរ។

កាលពីពេលថ្មីៗនេះកីឡាករប្រដាល់ថៃមួយរូប​លោក បេន ឆៀងម៉ៃ បានឆ្លង​ជំងឺកូវីដ១៩ ក្រោយពីលោកប្រកួតចុងក្រោយកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ហើយលោកបានប្រកាសថា ក្នុងនោះមានកីឡាករថៃ៦នាក់ផ្សេងទៀត​អាចឆ្លងជំងឺនេះផងដែរ ចំណែកមន្រ្តីសុខាភិបាលថៃក៏បានរាយការណ៍ដែរថា ករណីឆ្លងជំងឺកូវីដចំនួន ៣០នាក់ថែមទៀតក្នុងនោះក្នុងចំណោមករណីថ្មីខាងលើមាន ១១ករណីជាប់ទាក់ទងនឹងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់មួយ នៅទីក្រុងបាងកក នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមិនា ឆ្នាំ២០២០៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២