សម្ដេចនាយករដ្ឋមន្រ្តី៖ព្រមានបិទឱសថស្ថាន និងរឹបអូសយកម៉ាស់បើនៅតែបន្តលក់ថ្លៃហួសហេតុ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃនេះបានព្រមានថា និងបិទឱសថស្ថាន និងរឹបអូសយកម៉ាស់ពីឱសថស្ថានទាំងឡាយណា ដែលនៅបន្ដលក់ម៉ាស់ឡើងថ្លៃហួសហេតុ ខណៈប្រជាពលរដ្ឋកម្ពុជាកំពុងត្រូវការម៉ាស់ ដើម្បីចូលរួមការពារ ទប់ស្កាត់ COVID-19 ដែលកំពុងរីករាលដាល។

នៅក្នុងពិធីសំណេះសំណាលជាមួយនឹងគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា បន្ទាប់ចាត់វិធានការរឹបអូសម៉ាស់ដែលកំពុងដាក់លក់នោះហើយ សមត្ថកិច្ចនឹងឈានទៅដល់ការបិទឱសថស្ថាន មិនឲ្យដំណើរការជារៀងរហូត ដើម្បីឲ្យរៀងចាលដែលចំណុចនេះសម្ដេចកំពុងសិក្សាផ្លូវច្បាប់ និងឈានទៅអនុវត្តតែម្ដង។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងសុខាភិបាល ស្រាវជ្រាវ និងពិនិត្យជាបន្ទាន់ទៅលើឱសថស្ថានទាំងឡាយណាដែលលក់ម៉ាស់ ឡើងថ្លៃហួសហេតុ និងពិនិត្យរាល់ករណីដែលប្រជាពលរដ្ឋរាយការណ៍។ វិធានការនេះ សម្ដេចបានចាត់ទុកថា ដោយសារណែនាំទៅម្ចាស់ទីតាំងមិនស្ដាប់ ទើបប្រើចំណាត់ការនេះ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើទៅកាន់ក្រុមការងារបក្សប្រជាជនកម្ពុជា និងសមាជិកសភា ឲ្យទិញក្រមា ម៉ាស់ចែកជូនប្រជាពលរដ្ឋ និងត្រូវផ្សព្វផ្សាយសាររួមគ្នា ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លង COVID-19 នៅក្នុងប្រទេសកម្ពុជា ហើយអំឡុងពេលនេះ សូមប្រជាពលរដ្ឋកុំចេញពីផ្ទះប្រសិនមិនមានករណីចាំបាច់។

បន្ទាប់ពីផ្ទុះការរីករាលដាលជំងឺ COVID-19 ហើយតម្រូវឲ្យប្រជាពលរដ្ឋប្រើប្រាស់ម៉ាស់ ដើម្បីពាក់ការពារនោះ ស្រាប់តែតម្លៃម៉ាស់ ដែលកំពុងដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ហាក់មានការកើនឡើងយ៉ាងខ្លាំង ដោយតម្លៃធម្មតា ប្រមាណ៣ដុល្លារមួយប្រអប់ (៥០ម៉ាស់) បានកើនដល់រង្វង់២០ដុល្លារក្នុងមួយប្រអប់៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២