មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រហារជីវិតមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ បន្ទាប់ពីទឹកជំនន់នៅក្នុងប្រទេសកាលពីខែកក្កដា បានសម្លាប់មនុស្សរាប់ពាន់នាក់នៅក្នុងខេត្ត Jagang របស់ប្រទេសនេះ។


ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍កាលពីខែសីហាកន្លងទៅនេះថា ចំនួនអ្នកស្លាប់ និងបាត់ខ្លួននៅកូរ៉េខាងជើងអាចកើនឡើងដល់ 1,500នាក់ ប៉ុន្តែលោក Kim បានច្រានចោលរបាយការណ៍នេះថា ជា“ការបង្កហេតុដ៏ធ្ងន់ធ្ងរ” និងជា “ការប្រមាថដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់ ដែលមានសុវត្ថិភាព និងសុខភាពល្អ។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន TV Chosunបានឱ្យដឹងថា មន្ត្រីរបស់គីម ជុងអ៊ុន បានបាញ់សម្លាប់មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ពី ២០ ទៅ ៣០នាក់ នៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់។
លោក Kim បានព្រមានអ្នកចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការសង្រ្គោះបន្ទាន់មួយកាលពីខែកក្កដាថា អ្នកដែល “ធ្វេសប្រហែស”យ៉ាងធ្ងន់ធ្ងរលើភារកិច្ចរបស់ពួកគេ ដែលនាំឱ្យមានមនុស្សស្លាប់ និងរបួសនឹងត្រូវផ្តន្ទាទោសយ៉ាងតឹងរ៉ឹងបំផុត។

លោក Kim បាននិយាយថា វានឹងចំណាយពេលប្រហែល 2 ទៅ 3 ខែ ដើម្បីសាងសង់ផ្ទះឡើងវិញ និងរក្សាលំនឹងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់នេះ។ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងនៅចុងខែកក្កដាបានធ្វើឱ្យផ្ទះចំនួន 4,100 ខ្នង, ផ្ទៃដីកសិកម្មចំនួន 7,410 ហិកតា និងអគារសាធារណៈជាច្រើនផ្សេងទៀត រចនាសម្ព័ន្ធផ្លូវ និងផ្លូវដែកបានជន់លិចនៅក្នុងទីក្រុង Sinuiju ភាគពាយ័ព្យ និងទីក្រុង Uiju ជិតខាង។

សម្ព័ន្ធមិត្តរបស់កូរ៉េខាងជើងរួមមាន៖ រុស្ស៊ី និងចិន ក៏ដូចជាក្រុមផ្តល់ជំនួយអន្តរជាតិ បានស្នើផ្តល់ជំនួយសង្គ្រោះដល់កូរ៉េខាងជើង ប៉ុន្តែកូរ៉េខាងជើងមិនបានបង្ហាញជាសាធារណៈនូវបំណងចង់ទទួលជំនួយទាំងនោះ។ ដោយថ្លែងអំណរគុណចំពោះបរទេស និងអង្គការអន្តរជាតិនានាសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ លោក Kim បាននិយាយថា អ្វីដែលយើងចាត់ទុកថាល្អបំផុតនៅក្នុងគ្រប់វិស័យ និងដំណើរការនៃកិច្ចការរដ្ឋគឺការជឿជាក់យ៉ាងមុតមាំចំពោះប្រជាជន និងវិធីដោះស្រាយបញ្ហាយ៉ាងម៉ត់ចត់បំផុត។

លោក Kim បានធ្វើអត្ថាធិប្បាយស្រដៀងគ្នានេះកាលពីដើមសប្តាហ៍បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ជំនួយដោយសម្តែងការដឹងគុណ ប៉ុន្តែលោកបាននិយាយថា កូរ៉េខាងជើងបានបង្កើតផែនការស្តារនីតិសម្បទារបស់ខ្លួន ហើយនឹងសុំជំនួយពីទីក្រុងម៉ូស្គូតែប៉ុណ្ណោះ ប្រសិនបើចាំបាច់នៅពេលក្រោយ៕

ប្រភព៖ News 18
ប្រែសម្រួលដោយ៖ វាសនា