អាមេរិក​នឹង​ប្រកាស​កញ្ចប់​ជំនួយ​យោធា​ចំនួន ៨ ពាន់​លាន​ដុល្លារ ​នៅពេល​លោក Zelensky ធ្វើ​ទស្សនកិច្ច​នៅ​សេតវិមាន​

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃទី ២៥ ខែកញ្ញា ដោយដកស្រង់សម្តីមន្ត្រីអាមេរិកពីរនាក់ថា សហរដ្ឋអាមេរិកគ្រោងនឹងប្រកាសកញ្ចប់ជំនួយថ្មី នៅពេលដែលប្រធានាធិបតី Volodymyr Zelensky ធ្វើទស្សនកិច្ចនៅសេតវិមាននាថ្ងៃទី 26 ខែកញ្ញា។ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននឹងកំពុងធ្វើការជាមួយសភាដើម្បីពង្រីកការផ្តល់មូលនិធិយោធាចំនួន 5.8ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន នៅចុងខែកញ្ញានេះ។

សេចក្តីប្រកាសលើកទីពីរ ធ្វើឡើងនៅថ្ងៃទី 26 ខែកញ្ញានេះនឹងបែងចែកកញ្ចប់ថវិកាចំនួន 2.4 ពាន់លានដុល្លារ ក្រោមគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន។ កញ្ចប់ទី 2 នឹងរួមបញ្ចូលគ្រាប់រំសេវ អាវុធប្រឆាំងយន្តហោះគ្មានមនុស្សបើក និងសម្ភារៈ សម្រាប់គាំទ្រដល់ការផលិតគ្រាប់រំសេវក្នុងប្រទេសអ៊ុយក្រែន។

ក្រុមមន្ត្រីបាននិយាយថា សហរដ្ឋអាមេរិកក៏ត្រូវបានគេរំពឹងថានឹងប្រកាសកញ្ចប់ជំនួយចំនួន 375 លានដុល្លារសម្រាប់អ៊ុយក្រែន នៅមុនពេលដំណើរទស្សនកិច្ចរបស់ Zelensky នៅសេតវិមាន ។ កញ្ចប់ជំនួយនេះនឹងរួមបញ្ចូលគ្រាប់មីស៊ីលហោះចម្ងាយមធ្យម ដែលគេស្គាល់ថា ជា Joint Standoff Weapon (JSOW)។ កាំជ្រួចមីស៊ីលនេះមានរយៈចម្ងាយរហូតដល់ ១៣០ គីឡូម៉ែត្រ ហើយអាចទម្លាក់ចេញពីយន្តហោះចម្បាំង F-16 ។

ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅសេតវិមាននៅថ្ងៃទី 26 ខែកញ្ញានេះ ដើម្បីបង្ហាញផែនការជ័យជំនះរបស់គាត់សម្រាប់អ៊ុយក្រែនដល់លោក Biden និងអនុប្រធានាធិបតី Kamala Harris ។ Zelensky បានមកដល់សហរដ្ឋអាមេរិកនៅថ្ងៃទី 22 ខែកញ្ញាហើយបានចំណាយពេលមួយសប្តាហ៍មុនជួបជាមួយមេដឹកនាំពិភពលោកនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី 79 ។ លោកបានថ្លែងទៅកាន់សភាកាលពីថ្ងៃទី 25 ខែកញ្ញា ដោយអំពាវនាវឱ្យប្រទេសជាសមាជិកប្រមូលផ្តុំគ្នាជុំវិញរូបមន្តសន្តិភាពរបស់អ៊ុយក្រែន៕

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២