កង់ជាង៤០០០គ្រឿងត្រូវអគ្គិភ័យលេបត្របាក់គ្មានសល់ កាលពីល្ងាចម៉ិញ

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកកង់ប្រមាណជា៤០០០គ្រឿង ខូចខាតទាំងស្រុង កាលពីវេលាម៉ោង០៥ នឹង៤០នាទីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដយផ្លូវបេតុង ក្នុងOCIC សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យថា មុនពេលកើតហេតុគេឃើញមានផ្សែងខ្មៅហ៊ុយចេញពីក្នុងឃ្លាំងយ៉ាងខ្មួរខ្ញាញ់ ចេញជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីទាក់ទងទៅសមត្ថកិច្ចជំនាញអគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុឲ្យបានច្បាស់លាស់ថាអគ្គិភ័យនេះបណ្តាលពីមូលហេតុអ្វី ធ្វើឱ្យឆេះឃ្លាំងដែកប្រក់សង្ក័សី ទំហំ ១០ម៉ែត្រ X ៤០ម៉ែត្រ រួមទាំងកង់ចំនួន ៤០០០គ្រឿងអស់ទាំងស្រុង។

ប្រតិបត្តិការណ៍ពន្លត់អគ្គិភ័យនេះចប់ នៅវេលាម៉ោង១៩ និង១០នាទីយប់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤៥ឡាន ស្មើនឹង ១៨០ម៉ែត្រគូប,  រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន ០៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២១ឡាន ស្មើនឹង ១២៦ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើនឹង ៣២ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងអូឡាំព្យា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២