សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាចំនួន២ម៉ឺនដុល្លារ ដល់កម្មវិធី មហោស្រព របាំក្បាច់បុរាណខ្មែរស្អែកនេះ សូមចូលរួមទស្សនាឱ្យបានច្រើនកោះករបងប្អូន

ព្រឹត្តិការណ៍មហោស្រព របាំក្បាច់ បុរាណខ្មែរ រឿង «ព្រះបាទជ័យវរ្ម័នទី៧ ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ត និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ»នឹងសម្តែងជូនទស្សនិកជនទស្សនា រយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។សង្ឃឹមថាបងប្អូននឹងចូលរួមទស្សនាឱ្យបានច្រើនកោះករ ដើម្បីចូលរួមចំណែកក្នុងលើកស្ទួយសិល្បៈ វប្បធម៌ជាតិរបស់យើង។

នៅក្នុងព្រឹត្តិការណ៍មហោស្រព របាំក្បាច់បុរាណខ្មែរ រឿង «ព្រះបាទជ័យវរ្ម័នទី៧ ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ត និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ»នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចទាំងទ្វេបានឧបត្ថម្ភថវិកាចំនួន ២០,០០០ដុល្លារដល់កម្មវិធី មហោស្រព របាំក្បាច់បុរាណខ្មែរនេះ ដើម្បីជាការចូលរួមចំណែកក្នុងការអភិរក្ស និងលើកស្ទួយសិល្បៈ វប្បធម៌ជាតិឱ្យនៅថិតថេរគង់វង្សយូរអង្វែងតទៅមុខទៀត។

គណៈកម្មការរៀបចំកម្មវិធីមហោស្រពបុរាណខ្មែរបានថ្លែងនូវអំណរគុណ និងគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទទួលបាននូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

កម្មវិធីមហោស្រពបុរាណខ្មែរនេះនឹងប្រព្រឹត្តទៅនៅសាលមហោស្រពកោះ លោកអ្នកក៏អាចទិញសំបុត្របាននៅសាលមហោស្រពកោះពេជ្រ ចាប់ពី ម៉ោង ១០ និង៣០នាទីព្រឹក ដល់ម៉ោង ០៧:០០នាទីយប់។ ហើយសម្រាប់បងប្អូនដែលបានបញ្ជាទិញសំបុត្រតាមរយៈ Live. By Wonderpass អាចមកបើកសំបុត្របាននៅបញ្ជរ សាលមហោស្រព កោះពេជ្រចាប់ពីថ្ងៃនេះតទៅ ចាប់ពីម៉ោង ១០:០០ នាទីព្រឹក ដល់ម៉ោង ៥:០០ នាទីល្ងាច។

សម្រាប់ការសម្តែងនៅក្នុង១ថ្ងៃ គឺមាន២ពេល នៅម៉ោង ០៣:០០នាទីសៀល និងម៉ោង ០៦:០០នាទីល្ងាច។

ខាងក្រោមនេះ ជាតម្លៃសំបុត្រចូលទស្សនា៖

-តំបន់ពិសេស VIP ZONE តម្លៃ ១០០,០០០រៀល

-តំបន់ពណ៌បៃតង GREEN ZONE តម្លៃ ៤០,០០០រៀល

-តំបន់ពណ៌ខៀវ BLUE ZONE តម្លៃ ២០,០០០រៀល

-តំបន់ពណ៌ផ្កាឈូក PINK ZONE តម្លៃ ១០,០០០រៀល

សូមចូលរួមបង្ហាញការគាំទ្រសិល្បៈបុរាណខ្មែរ និងផ្ដល់ជាកម្លាំងចិត្តដល់អ្នកគ្រូ លោកគ្រូ ដោយការចូលរួមទស្សនាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះទាំងអស់គ្នា! ៕

       

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២