ក្រុមហេសបូឡាហ៍របស់ប្រទេសលីបង់កាលពីថ្ងៃអាទិត្យបានបន្តការទម្លាក់គ្រាប់បែករបស់ខ្លួនទៅលើទីតាំងយោធា និងការប្រមូលផ្តុំទាហាននៅតំបន់ភាគខាងជើងអ៊ីស្រាអែល ដោយប្រើយន្តហោះគ្មានមនុស្សបើក និងការបាញ់គ្រាប់រ៉ុក្កែត។ នៅក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់នៅលើបណ្តាញTelegram ក្រុមនេះបានរាយការណ៍ថា អ្នកប្រយុទ្ធរបស់ខ្លួនបានបើកការវាយប្រហារតាមអាកាសជាមួយនឹងក្រុមយន្តហោះគ្មានមនុស្សបើកនៅលើមូលដ្ឋានថែទាំ និងស្តារនីតិសម្បទារបស់ Unit 7200 ភាគខាងត្បូងនៃទីក្រុង Haifa ដោយ “វាយប្រហារគោលដៅរបស់ពួកគេដោយផ្ទាល់” ។


ក្រុម Hezbollah បាននិយាយថា ក្រុមយុទ្ធជនរបស់ខ្លួនបានបាញ់ផ្លោងទៅលើកន្លែងប្រមូលផ្តុំទាហានអ៊ីស្រាអែល នៅក្នុងការតាំងទីលំនៅ Ma’alot Tarshiha “ជាមួយនឹងគ្រាប់រ៉ូក្កែត” ។ លើសពីនេះទៀត ក្រុមនេះបានកំណត់គោលដៅទីក្រុង Safed (មជ្ឈមណ្ឌលបញ្ជាការនៃរណសិរ្សភាគខាងជើងរបស់កងទ័ព) ជាមួយនឹងការបាញ់គ្រាប់រ៉ុក្កែត សំដៅលើការប្រមូលផ្តុំទាហានអ៊ីស្រាអែលនៅក្នុងការតាំងទីលំនៅ Braam ។


Hezbollah បានសង្កត់ធ្ងន់ថា ការវាយប្រហាររបស់ខ្លួនគឺ “ដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប និងដោយសាមគ្គីភាពជាមួយនឹងការតស៊ូដ៏ក្លាហាន និងកិត្តិយសរបស់ពួកគេ និងដើម្បីការពារប្រទេសលីបង់ និងប្រជាជនរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការលុកលុយដ៏ព្រៃផ្សៃរបស់អ៊ីស្រាអែល ចូលទៅក្នុងទីក្រុង ភូមិ និង ក្នុងចំណោមជនស៊ីវិល”។

ក្រុមហេសបូឡា និងអ៊ីស្រាអែលបានចូលរួមក្នុងសង្គ្រាមឆ្លងព្រំដែនចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមអ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សជាង 41,800 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ បន្ទាប់ពីការវាយប្រហារដោយក្រុមហាម៉ាស់ប៉ាឡេស្ទីនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។ យោងតាមអាជ្ញាធរលីបង់ បានឱ្យដឹងថា ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ មនុស្សយ៉ាងហោចណាស់ 2.036 នាក់ត្រូវបានសម្លាប់ ជាង 9.500 នាក់បានរងរបួស និង 1.2 លាននាក់ផ្សេងទៀតបានផ្លាស់ទីលំនៅ។ សហគមន៍អន្តរជាតិបានព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់អាចបង្កើនជម្លោះ Gaza ទៅជាសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយ៕

ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា