រដ្ឋាភិបាលចិនប្រកាសជំហរជួយកម្ពុជាលើការងារប្រយុទ្ធជំងឺកូវីដ-១៩ រហូតដល់ជំងឺនេះគ្មានវត្តមាននៅកម្ពុជា

(ភ្នំពេញ) ៖  រដ្ឋាភិបាលចិនតាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជាបានបង្ហាញជំហរក្នុងការជួយកម្ពុជាលើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា រហូតដល់ជំងឺដ៏កាចសាហាវមួយនេះ​គ្មានវត្តមានលើទឹកដីកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា។

បើតាមការផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជាគូសបញ្ជាក់ថា ចិន និងកម្ពុជាជាសហ​គមន៍​ជោគវាសនារួមដែលមិនអាចបំបែកបាន។ ត្រង់ចំណុចនេះ ស្ថានទូតបានសង្កត់ធ្ងន់ថា “ឱ្យតែជំងឺវីរុសកូវីដ-១៩ មិនទាន់កម្ចាត់អស់ក្នុងប្រទេសកម្ពុជា ចិននៅតែមិនបញ្ឈប់​ការផ្តល់​ជំនួយវេជ្ជសាស្រ្តមកកម្ពុជានោះឡើយ”។

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានលើកឡើងថា ក្នុងដំណើរ​ការ​ជួយកម្ពុជាក្នុង​កិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​លើកនេះ ប្រទេសទាំងពីរបានជួយ និងយកអាសាគ្នា​ទៅវិញទៅមក។ ឯកឧត្ដមបានបញ្ជាក់ថា ក្រុមជំនាញវេជ្ជសាស្រ្ត​ចិន​​ដែល​បានទទួល​ភារកិច្ច​ជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ-១៩លើកនេះ បានបំពេញ​ភារកិច្ច​យ៉ាងល្អ​ឥតខ្ចោះ ដោយស្ថិតក្រោមទឹកចិត្តនៃមិត្តភាពប្រពៃណីរវាងប្រទេសចិន និង​កម្ពុជា។  ឯកឧត្តម ឯកអគ្គរដ្ឋទូតបានបន្តថា ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តចិនដែលបាន​បំពេញ​បេសកកម្មការងារ​នៅកម្ពុជានៅពេលនេះ បានបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ មិនធ្វេស​ប្រហែសនឹងបេស​កកម្ម​ឡើយ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតបានបន្ថែមថា “ពួកគេមិនត្រឹមតែរួមចំណែកយ៉ាងសកម្មក្នុង​​កិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែថែមទៀតបានកសាងគ្រឹះ​ដ៏រឹង​មាំនៃ​កិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងគ្រូពេទ្យទាំងពីរចិន-កម្ពុជា បានយ៉ាង​ស៊ីជម្រៅ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២