នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានច្រានចោលគំនិតផ្តួចផ្តើមដែលស្នើឡើងដោយអេហ្ស៊ីបកាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះ សម្រាប់បទឈប់បាញ់រយៈពេលខ្លីជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប។ ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi បានប្រកាសពីសំណើនេះ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល។


“យើងបានស្នើឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីបរយៈពេលពីរថ្ងៃដើម្បីផ្លាស់ប្តូរចំណាប់ខ្មាំង ហើយបន្ទាប់មកការចរចានឹងប្រព្រឹត្តទៅក្នុងរយៈពេល 10 ថ្ងៃដើម្បីបង្វែរបទឈប់បាញ់ទៅជាបទឈប់បាញ់អចិន្ត្រៃយ៍” ។ -Sisi បាននិយាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីអាល់ហ្សេរី Abdelmadjid Tebboune ក្នុងរដ្ឋធានី Cairo ។


ទោះបីជាមានការគាំទ្រពីរដ្ឋមន្ត្រីអ៊ីស្រាអែលភាគច្រើនចំពោះសំណើររបស់អេហ្ស៊ីបក៏ដោយ ក៏ទីក្រុង Tel Aviv បានសម្រេចចិត្តច្រានចោលកិច្ចព្រមព្រៀងនេះ ដោយសារតែការប្រឆាំងពីលោក Netanyahu ។អ៊ីស្រាអែលបានប៉ាន់ស្មានថា ពលរដ្ឋរបស់ខ្លួនប្រហែល 101 នាក់នៅតែត្រូវបានចាប់ឃុំខ្លួនដោយក្រុមហាម៉ាស់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា ចំពេលមានការព្រួយបារម្ភថា ពួកគេមួយចំនួនអាចត្រូវបានគេសម្លាប់រួចហើយ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដោយមិនរើសមុខនៅទូទាំងតំបន់ដែលមានប្រជាជនរស់នៅច្រើន។


កិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ដើម្បីទទួលបានបទឈប់បាញ់ និងសម្របសម្រួលការផ្លាស់ប្តូរអ្នកទោសរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសរហូតមកដល់ពេលនេះបានជាប់គាំង ដោយលោក Netanyahu បានបដិសេធមិនពិចារណាបញ្ចប់ជម្លោះនោះទេ។


កងទ័ពអ៊ីស្រាអែលបានបន្តការវាយលុកដ៏សាហាវនៅលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីមានការលុកលុយឆ្លងព្រំដែនដោយក្រុមហាម៉ាស់កាលពីខែតុលាឆ្នាំមុន បើទោះបីជាមានដំណោះស្រាយពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារបទឈប់បាញ់ជាបន្ទាន់ក៏ដោយ។ ចាប់តាំងពីពេលនោះមក មនុស្សជិត 43.000 នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយមនុស្សជាង 100.000 នាក់ផ្សេងទៀតបានរងរបួស។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់GAZA។ ការវាយលុករបស់អ៊ីស្រាអែលបានជម្លៀសប្រជាជនស្ទើរតែទាំងអស់នៅក្នុងនោះ ចំពេលមានការបិទផ្លូវដែលកំពុងបន្តដែលនាំឱ្យមានការខ្វះខាតអាហារ ទឹកស្អាត និងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរ។ អ៊ីស្រាអែលក៏ប្រឈមនឹងសំណុំរឿងប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិចំពោះសកម្មភាពរបស់ខ្លួននៅហ្គាហ្សា៕

ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា