មន្ត្រីក្រសួងសុខាភិបាលនៅក្នុងតំបន់Gazaបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះថា ក្នុងរយៈពេលជិត៤សប្តាហ៍កន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ១.២០០ នាក់នៅក្នុងការឡោមព័ទ្ធរបស់ខ្លួននៅភាគខាងជើងតំបន់ Gaza ។ លោក Munir al-Bursh អគ្គនាយកនៃក្រសួងសុខាភិបាលនៅតំបន់នោះបានប្រាប់ Anadolu ថា កងទ័ពអ៊ីស្រាអែលបានបន្តប្រព្រឹត្តការសម្លាប់រង្គាល និងគោលដៅទីជម្រក និងជនស៊ីវិលនៅក្នុងទីក្រុង Beit Lahia ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស ចំពេលប្រព័ន្ធថែទាំសុខភាពមានភាពតានតឹងខ្លាំង។


លោកបានសង្កត់ធ្ងន់ថា ការកាន់កាប់របស់អ៊ីស្រាអែលនៅក្នុងតំបន់នោះ កំពុងប្រព្រឹត្តអំពើឃាតកម្ម និងការបំផ្លិចបំផ្លាញដោយសារតែអវត្តមាននៃការត្រួតពិនិត្យ ឬការទទួលខុសត្រូវក្នុងការបញ្ឈប់ឧក្រិដ្ឋកម្មរបស់ខ្លួន។កងទ័ពអ៊ីស្រាអែលកំពុងរារាំងការចូលទៅផ្គត់ផ្គង់ថ្នាំពេទ្យនៅភាគខាងជើងហ្គាហ្សា និងដាក់ការបិទផ្លូវទៅកាន់មន្ទីរពេទ្យ Kamal Adwan, Al-Awda និងឥណ្ឌូនេស៊ី នៅក្នុងតំបន់ភាគខាងជើង។


កងទ័ពអ៊ីស្រាអែលបានបន្តការវាយលុកដ៏សាហាវនៅភាគខាងជើងហ្គាហ្សាចាប់តាំងពីថ្ងៃទី 5 ខែតុលានោះមក ដោយពួកគេបានអះអាងថា ពួកគេមានគោលបំណងរារាំងក្រុមហាម៉ាសពីការប្រមូលផ្តុំគ្នាឡើងវិញ។ យ៉ាងណាមិញ ប៉ាឡេស្ទីនបានចោទប្រកាន់អ៊ីស្រាអែលពីការស្វែងរកការកាន់កាប់តំបន់នោះ និងបង្ខំឲ្យប្រជាពលរដ្ឋភៀសខ្លួនចេញ។ សរុបមក កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្សជាង 43.000 នាក់ ចាប់តាំងពីការវាយលុកឆ្លងព្រំដែនដោយក្រុមហាម៉ាស់ កាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023កន្លងទៅ៕



ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា