(វ៉ាស៊ីនតោន)៖ នៅទីបំផុតលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ គឺជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤នេះ ដោយទទួលបាន សំឡេងអង្គបោះឆ្នោតច្រើនជាងលោក លោកស្រី កាម៉ាឡា ហារីស។


តាមរយៈលទ្ធផលបោះឆ្នោតនេះ លោក ដូណាល់ ត្រាំ អាយុ៧៨ឆ្នាំ នឹងក្លាយជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក និងជាអាណត្តិ២របស់លោក ខណៈលោក J.D. Vance ឬ James David Vance នឹងក្លាយជាអនុប្រធានាធិបតីរបស់លោក។


ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកអាណត្តិថ្មី បានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយការប្រកាសលទ្ធផល បានបង្ហាញឱ្យឃើញថា អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលជាបេក្ខជនរបស់គណបក្សសាធារណរដ្ឋ បានយកឈ្នះគូប្រជែង គឺអនុប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខជនមកគណៈបក្សប្រជាធិបតេយ្យ។


លោក ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិក ជាលើកដំបូងកាលពីឆ្នាំ២០១៧ ក្រោយពីផ្តួលគូប្រកួតនាពេលនោះ គឺលោកស្រី ហ៊ីលឡារី គ្លីនតុន ក្នុងការបោះឆ្នោតឆ្នាំ២០១៦។ យ៉ាងណាមិញ លោក ត្រាំ បានទទួលបរាជ័យ ក្នុងការបោះឆ្នោតនៅឆ្នាំ២០២០ជាមួយលោក ចូ បៃដិន ហើយត្រូវចាកចេញពីសេតវិមាន កាលពីដើមឆ្នាំ២០២១។ បន្ទាប់ពីឈ្នះឆ្នោតនៅឆ្នាំ២០២៤នេះ លោក ត្រាំ នឹងត្រូវស្បថចូលកាន់តំណែងសម្រាប់អាណត្តិទី២ នៅដើមឆ្នាំក្រោយនេះ៕
