យន្តហោះចម្បាំងរបស់របបយោធាមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកលើជំរំ IDP នៅភាគខាងត្បូងរដ្ឋសានបណ្តាលឱ្យរងរបួស និងបំផ្លាញផ្ទះសម្បែងរបស់ពួកគេអស់ជាច្រើនខ្នង
អង្គារ ១៩ វិច្ឆិកា ២០២៤ ១២:៤៥
នៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ The Irrawaddy បានធ្វើការផ្សាយ ដោយយោងតាមកងកម្លាំងការពារប្រជាជនទីប្រជុំជន Moebye បានឱ្យដឹងថា យន្តហោះរបស់របបយោធាមីយ៉ាន់ម៉ា បានធ្វើការទម្លាក់គ្រាប់បែកជាថ្មីម្តងទៀត ដោយបានកំណត់គោលដៅលើជំរុំជនភៀសខ្លួននៅក្នុងភូមិ La Ei ក្នុងទីប្រជុំជន Pekon ក្នុងរដ្ឋ Shan ភាគខាងត្បូងកាលពីថ្ងៃចន្ទម្សិលម៉ិញនេះ ដោយបានទម្លាក់គ្រាប់បែកចំនួន 5 គ្រាប់ទម្ងន់ 200 ផោន និង 500 ផោន បណ្តាលឱ្យមានអ្នករងរបួស និងបំផ្លាញជម្រករបស់ពួកគេអស់ជាច្រើន។


បើតាមកងកម្លាំងការពារប្រជាជនដដែលបានឱ្យដឹងថា ការវាយប្រហារផ្លូវអាកាសលើកមុនលើជំរំជនភៀសខ្លួនកាលពីថ្ងៃទី១០ ខែកញ្ញា បានសម្លាប់ជនស៊ីវិលភៀសខ្លួនចំនួន១០នាក់ ក្នុងនោះមានកុមារ និងស្ត្រីផងដែរ។


ជនភៀសខ្លួនជាច្រើននាក់បានចាកចេញពីជំរំ បន្ទាប់ពីមានការវាយប្រហារនៅខែកញ្ញា ប៉ុន្តែមួយចំនួនទៀតនៅតែបន្តវត្តមាននៅទីនោះ ដោយសារតែការលំបាកក្នុងការផ្លាស់ទីលំនៅ៕

ប្រែសម្រួលដោយ៖ វាសនា
ភ្ជាប់ទំនាក់ទំនងជាមួយ Town News