អ្នកបើកម៉ូតូ កម្លាំងសេះលើសពី ១២៥សេសេ ត្រូវតែមានបណ្ណបើកបរប្រភេទ(ក)

(ភ្នំពេញ) ៖ ប្រជាពលរដ្ឋដែលប្រើប្រាស់ម៉ូតូ ដែលមានកម្លាំងសេះ ចាប់ពី ១២៥សេសេចុះក្រោម មិនចាំបាច់តម្រូវអោយមានបណ្ណបើកបរ ប្រភេទ (ក) ទេ ។ ប៉ុន្តែត្រូវគ្រប់អាយុបើកបរ ចេះបើកបរនិងចេះដឹងច្បាប់ចរាចរណ៍ ផងដែរ ។
ចំណែកឯ ប្រជាពលរដ្ឋដែលប្រើប្រាស់ម៉ូតូដែលមានកម្លាំងសេះលើសពី ១២៥សេសេ គឺត្រូវតែមានបណ្ណបើកបរប្រភេទ (ក) ទើបអាចបើកបរបាន ។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន អោយដឹងថា បងប្អូនប្រជាពលរដ្ឋអាចប្តូរ និងពន្យារ នៅមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ធ្វើការរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៩:០០ ព្រឹក ដល់ម៉ោង ១០:០០យប់ ។
បងប្អូនប្រជាពលរដ្ឋត្រូវមានឯកសារដូចជា ៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២. លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើនៅទីតាំងផ្ទាល់)
៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក (ថតនៅទីតាំងផ្ទាល់)
៤. ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ) ។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋចង់ប្រឡងយកបណ្ណបើកបរត្រូវមានឯកសារដូចរៀបរាប់ខាងលើ(*១ *២ *៣) និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរសម្រាប់បណ្ណប្រភេទ (គ, ឃ និង ង) ។
នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅសន្និសីទសារព័ត៌មាន លោក សូ ពីសី អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណៈការ និងដឹកជញ្ជួន បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា សម្រាប់អ្នកបើកម៉ូតូកង់៣ និងម៉ូតូសណ្តោងរម៉ក់ ដាច់ខាតត្រូវតែមានបណ្ណបើកឡានប្រភេទ(ក) បើទោះបីជាកម្លាំងម៉ាស៊ីនម៉ូតូរបស់ពួកគាត់ត្រឹម ឬក្រោម ១២៥ CC ក៏ដោយ ព្រោះពួកគាត់ ធ្វើអាជីវកម្មដឹកជញ្ជួន ដូច្នេះត្រូវតែមានបច្ចេកទេសបើកបរ ដើម្បីសុវត្ថិភាពភ្ញៀវរបស់ពួកគាត់ ។
ឆ្លើយតបនឹងមូលហេតុថា ហេតុអ្វីបានជាអ្នកមានបណ្ណបើកបររថយន្តគ្រប់ប្រភេទមិនអាចអនុញ្ញាតឲ្យទៅបើកបរម៉ូតូកម្លាំងធំលើសពី ១២៥ CC ហើយចាំបាច់ត្រូវមានបណ្ណបើកបរម៉តូផ្សេងទៀតនោះ ? មន្ត្រីក្រសួងសាធារណៈការបានបញ្ជាក់ថា ព្រោះម៉ូតូធំ និងមានល្បឿនលឿន ដូច្នេះតម្រូវឲ្យពួកគាត់ត្រូវចេះបច្ចេកទេសទប់លំនឹងម៉ូតូ បើគ្មានជំនាញពិសេសទេ ផ្លូវកោង យើងនឹងបើកបរ មិនមានសុវត្ថិភាពទេ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២