ត្រឹមតែមួយសប្តាហ៍ មានរថយន្តយកទៅឆៀកជាង ១ម៉ឺនគ្រឿង ខណៈមួយថ្ងៃមានជាង ៤ពាន់គ្រឿង

(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃ២៣ ដល់ ២៩ ខែមេសា ឆ្នាំ២០២០ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តទូទាំងប្រទេស មានសរុបចំនួន ១២.៧៥៧ គ្រឿង។ ក្នុងនោះ ចំនួននៃការមកទទួលសេវា មានការកើនឡើងខ្ពស់រហូតដល់ ៤.១១៦ គ្រឿង/ថ្ងៃ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។
ដោយមានការកើនឡើងយ៉ាងគំហុគនៃសេវាសាធារណៈនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តបើកដំណើរការធម្មតា នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នៅគ្រប់មណ្ឌលត្រួតពិនិត្យបច្ចេកទេសយានយន្តទាំងអស់ដំណើរការធម្មតា ជាពិសេសធ្វើការជារៀងរាល់ថ្ងៃ(ច័ន្ទ-អាទិត្យ) ពីម៉ោង ០៨:០០ព្រឹក – ០៥:០០ល្ងាច ដើម្បីសម្រួលនឹងពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ក្រសួងសាធារណការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សាគម្លាតតាមការណែនាំ និងបន្តរក្សាភ្ជាប់គោលការណ៍អនាម័យ ពាក់ម៉ាសឲ្យត្រឹមត្រូវតាមការចាំបាច់ ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា។
សម្រាប់ឯកសារតម្រូវចំពោះរថយន្តដែលមានផ្លាកលេខហើយ៖
១. បណ្ណសម្គាល់យានយន្ត (ថតចម្លង)
២. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចាស់ (ករណីបន្ត)
សម្រាប់ឯកសារតម្រូវចំពោះរថយន្តដែលមិនទាន់មានផ្លាកលេខ
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ថតចម្លង)
២. បង្កាន់ដៃពន្ធនាំចូល (ថតចម្លង)

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២