លោក Biden ប្រកាសផ្តល់ជំនួយជាង ១ពាន់លានដុល្លារដល់ប្រទេសចំនួន៣១ នៅអាហ្វ្រិក ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយភាពរាំងស្ងួត

ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយនៅក្នុងប្រទេសអង់ហ្គោឡាកាលពីថ្ងៃអង្គារម្សិលម៉ិញនេះថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយមនុស្សធម៌ជាង 1 ពាន់លានដុល្លារសម្រាប់ប្រជាជនដែលផ្លាស់ទីលំនៅ ដោយគ្រោះរាំងស្ងួត ឬជម្លោះនៅក្នុងប្រទេសអាហ្វ្រិកចំនួន 31ប្រទេស។ ជំនួយនេះនឹងដោះស្រាយអសន្តិសុខស្បៀង និងតម្រូវការបន្ទាន់ផ្សេងទៀតរបស់ជនភៀសខ្លួន ជនភៀសខ្លួនខាងក្នុង និងសហគមន៍ដែលរងផលប៉ះពាល់នៅក្នុងប្រទេសអាហ្វ្រិកចំនួន31ប្រទេស ។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។

លោក Biden បាននិយាយនៅក្នុងសុន្ទរកថាមួយនៅទីក្រុង Luanda នៃប្រទេសអង់ហ្គោឡា ដែលគាត់បានទៅដល់កាលពីល្ងាចថ្ងៃចន្ទ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងទៅកាន់អនុតំបន់សាហារ៉ាអាហ្រ្វិកថា “ថ្ងៃនេះ ខ្ញុំបានប្រកាសអំពីជំនួយមនុស្សធម៌ថ្មីចំនួនជាង 1 ពាន់លានដុល្លារសម្រាប់ប្រជាជនអាហ្រ្វិកដែលបានភៀសខ្លួនពីផ្ទះសម្បែង ដោយគ្រោះរាំងស្ងួតដ៏ខ្លាំងក្លានេះ” ។ប្រទេសជាច្រើននៅភាគខាងត្បូងនៃទ្វីបអាហ្រ្វិកកំពុងជួបប្រទះគ្រោះរាំងស្ងួតដែលយោងទៅតាមការប៉ាន់ប្រមាណមួយចំនួនគឺអាក្រក់បំផុតនៅក្នុងតំបន់ក្នុងរយៈពេលមួយសតវត្សមកនេះ ដែលបណ្តាលឱ្យមានការខាតបង់ដ៏ធំនៃដំណាំ និងសត្វចិញ្ចឹម។

សេចក្តីថ្លែងការណ៍របស់ USAID បាននិយាយថា “ជម្លោះប្រដាប់អាវុធ ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ គ្រោះមហន្តរាយធម្មជាតិ និងការសង្គ្រោះបន្ទាន់ផ្សេងទៀតកំពុងជំរុញតម្រូវការមនុស្សធម៌នៅទូទាំងទ្វីប ហើយទាមទារជំនួយមនុស្សធម៌ ដើម្បីជួយសង្រ្គោះជីវិត និងកាត់បន្ថយការឈឺចាប់ក្នុងចំណោមអ្នកដែលងាយរងគ្រោះបំផុត”។ហើយថាការប្រកាសនេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការឈរជាមួយដៃគូអាហ្វ្រិករបស់យើង និងប្រជាជននៅទូទាំងទ្វីបក្នុងការដោះស្រាយបញ្ហាប្រឈមនៃអសន្តិសុខស្បៀង”។

បើយោងតាមអង្គការសហប្រជាជាតិ ជនជាតិអាហ្រ្វិកម្នាក់ក្នុងចំណោមប្រាំនាក់ ដែលស្ទើរតែ 300លាននាក់បានប្រឈមមុខនឹងភាពអត់ឃ្លាននៅឆ្នាំ 2023 ហើយចំនួនមនុស្សដែលប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ និងកង្វះអាហារូបត្ថម្ភនៅតែបន្តកើនឡើង។ សហរដ្ឋអាមេរិកក្នុងឆ្នាំសារពើពន្ធ 2024 បានផ្តល់ជំនួយមនុស្សធម៌ជិត 6.6 ពាន់លានដុល្លារនៅទូទាំងអនុតំបន់សាហារ៉ាអាហ្រ្វិក។នេះបើយោងតាម ​​USAID ៕

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២