តារាចម្រៀងផលិតកម្មថោន ដែលមានអនុស្សាវរីយ៍ នៅប្រទេសបារាំង​បង្ហាញការសោកស្ដាយក្រោយព្រះវិហារចំណាស់ Notre Dameត្រូវឆេះកាលពីដើមសប្ដាហ៍នេះ

(ភ្នំពេញ) ៖ ព្រះវិហារកាតូលិកបុរាណ Notre-Dame ដ៏ល្បីល្បាញជាប្រវត្តិសាស្ត្រនៃទីក្រុង ប៉ារីស ដែលមានអាយុកាល ៨៥០ឆ្នាំទៅហើយនោះ ត្រូវបានអគ្គីភ័យលេបត្របាក់ស្ទើរទាំងស្រុង កាលពីថ្ងៃចន្ទ កន្លងទៅនេះ បណ្តាលឱ្យបាត់បង់នូវសម្បត្តិវប្បធម៌ជាច្រើន។ ការឆេះអគារខាងលើនេះ គឺបានបង្កការភ្ញាក់ផ្អើល និងសោកស្តាយជាពន់ពេក ពីសំណាក់ប្រជាជនបារាំងគ្រប់រូប ហើយភ្លាមៗប្រធានាធិបតីលោក អេមម៉ានុយអ៊ែល ម៉ាក្រុង បានសន្យាធ្វើការស្តារ និងកសាងព្រះវិហារបុរាណនេះ ឡើងវិញឲ្យបាន។

ដោយឡែក ក្រុម ពន្លត់អគ្គីភ័យបានចំណាយពេលរហូតដល់ទៅ ៩ម៉ោងទើបអាចពន្លត់ភ្លើងបានទាំងស្រុង។ចំពោះមូលហេតុដែលបង្កជាគ្រោះអគ្គីភ័យខាងលើនេះឡើង គឺទំនងជាបង្កឡើងដោយការធ្វេសប្រហែស ឬកំហុសបច្ចេកទេសនៃការជួសជុល ព្រះវិហារបុរាណ Notre-Dame ឡើងវិញ។ លោកប្រធានាធិបតី បារាំងលោក ម៉ាក្រុង បានទៅដល់កន្លែងកើតហេតុដោយផ្ទាល់ក្រោយអគ្គីភ័យរលត់ ហើយលោកបានចាត់ទុកថា នេះជាការសង្គ្រោះទាន់ពេល ដោយមិនបានបង្កឲ្យអ្វីកាន់តែអាក្រក់ជាងនេះ។

ក្រោយហេតុការណ៍នេះកើតឡើង នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើសារចូលរួមសោកស្តាយដល់នាយករដ្ឋមន្រ្តីបារាំង ចំពោះករណីគ្រោះអគ្គិភ័យបំផ្លាញព្រះវិហារចំណាស់ Notre Dame ផងដែរ។

ជាមួយគ្នានេះដែរ គេក៏សង្កេតឃើញមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹង ការបង្ហោះរូបភាពជាច្រើននៅលើគណនីហ្វេសប៊ុកផ្លូវការ ពីសំណាក់តារាសម្ដែង និងតារាចម្រៀង ប្រុសស្រី ខ្មែរ ជាច្រើនដួង ជាមួយរូបភាព វិហាសាសនា ដ៏ធំលើទឹកដីប្រទេស បារាំង អមទៅដោយអារម្មណ៍សោកស្ដាយ គ្រប់ៗគ្នា ។

ក្នុងនោះមានលោក ករុណា ពេជ្រ និងលោក សុគន្ធ ថេរ៉ាយុ បានបង្ហោះរូបភាបជាច្រើនរបស់ ខ្លួន ជាមួយវិហាសាសនា នោះធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញបែបនេះ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News