កាតា អារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ បានថ្កោលទោសអ៊ីស្រាអែលចំពោះការចូលទៅលុកលុយក្នុងប្រទេសស៊ីរី បន្ទាប់ពីរបប al-Assadបានដួលរលំ

ប្រទេសកាតា អ៊ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីត បានរិះគន់អ៊ីស្រាអែលដែលបានរំលោភចូលទៅក្នុងប្រទេសស៊ីរី នៅជិតតំបន់ Golan Heights ដែលខ្លួនបានកាន់កាប់ ខណៈដែលយោធាអ៊ីស្រាអែលបានបន្តបើកការវាយប្រហារតាមផ្លូវអាកាសនៅទូទាំងប្រទេសស៊ីរី។ ក្រសួងការបរទេសកាតាបាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងដូហាបានចាត់ទុកការលុកលុយរបស់អ៊ីស្រាអែលថា ជាសកម្មភាពដ៏គ្រោះថ្នាក់ និងជាការវាយប្រហារដ៏ខ្លាំងក្លាលើអធិបតេយ្យភាព និងឯកភាពរបស់ប្រទេសស៊ីរី ក៏ដូចជាការរំលោភច្បាប់អន្តរជាតិផងដែរ។

អ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារស៊ីរី បន្ទាប់ពីក្រុមប្រឆាំងប្រដាប់អាវុធនៅក្នុងប្រទេសនេះបានផ្តួលរំលំរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី Bashar al-Assad កាលពីព្រឹកថ្ងៃអាទិត្យ។ អារ៉ាប៊ីសាអូឌីតបានថ្កោលទោសទង្វើរបស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទដោយនិយាយថា”ការបន្តរបស់អ៊ីស្រាអែលបំពានលើច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបំផ្លិចបំផ្លាញឱកាសរបស់ប្រទេសស៊ីរីក្នុងការស្តារសន្តិសុខ ស្ថិរភាព និងបូរណភាពទឹកដីរបស់ខ្លួនឡើងវិញ”។ ក្រសួងការបរទេសរបស់ព្រះរាជាណាចក្រនេះក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយុទ្ធនាការរបស់អ៊ីស្រាអែលដោយសង្កត់ធ្ងន់ថា តំបន់ Golan Heights គឺជាទឹកដីអារ៉ាប់ដែលកាន់កាប់។

កាល​ពី​ថ្ងៃ​អាទិត្យ អ៊ីស្រាអែល​បាន​រុល​ចូល​យ៉ាង​ឆាប់​រហ័ស និង​ដណ្តើម​យក​តំបន់​ការពារ ​បំបែក​តំបន់ Golan Heights ដែល​បាន​កាន់កាប់​ពី​តំបន់​គ្រប់គ្រង​ដោយ​ស៊ីរី។ យោធាអ៊ីស្រាអែលក៏បានព្រមានប្រជាជនស៊ីរីដែលរស់នៅក្នុងភូមិចំនួនប្រាំ ក្បែរតំបន់យុទ្ធសាស្ត្រ ឱ្យស្នាក់នៅផ្ទះ។ អ៊ីស្រាអែលបានកាន់កាប់ភាគច្រើននៃតំបន់ Golan Heights ក្នុងឆ្នាំ 1967 ហើយបានបញ្ចូលទឹកដីនេះ ដោយខុសច្បាប់នៅឆ្នាំ 1981 ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា លោកបានបញ្ជាឱ្យកងកម្លាំងអ៊ីស្រាអែលចាប់យកតំបន់ការពារដែលត្រូវបានបង្កើតឡើងនៅក្នុងបទឈប់បាញ់ឆ្នាំ 1974 ជាមួយប្រទេសស៊ីរី ភ្លាមៗបន្ទាប់ពីលោក al-Assad ត្រូវបានផ្ដួលរំលំ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ លោក Netanyahu បាននិយាយថា តំបន់ Golan Heights ដែលកាន់កាប់នឹងនៅជាមួយអ៊ីស្រាអែលជារៀងរហូត។ លោកក៏បានថ្លែងអំណរគុណដល់ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump សម្រាប់ការទទួលស្គាល់អធិបតេយ្យភាពដែលបានទាមទាររបស់អ៊ីស្រាអែលលើទឹកដីនៅអំឡុងពេលអាណត្តិដំបូងរបស់គាត់។

លោក Netanyahu បាននិយាយថា ការដួលរលំរបស់លោក al-Assad គឺជាលទ្ធផលដោយផ្ទាល់នៃការវាយប្រហារដ៏ខ្លាំងក្លា ដែលយើងបានផ្តល់ទៅឱ្យក្រុម Hamas, Hezbollah និងអ៊ីរ៉ង់”។ នេះបើយោងតាមកាសែតអ៊ីស្រាអែល Haaretz ។ ការទន្ទ្រានយកដីរបស់អ៊ីស្រាអែលនាពេលថ្មីៗនេះ ក៏ត្រូវបានរិះគន់ដោយអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres លោក Stephane Dujarric ដែលបាននិយាយថា ទង្វើនេះគឺជាការរំលោភនៃកិច្ចព្រមព្រៀងផ្តាច់ខ្លួនឆ្នាំ 1974 រវាងអ៊ីស្រាអែល និងស៊ីរី។

លោក Dujarric បាននិយាយថា កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានដាក់ពង្រាយនៅតំបន់ Golan Heights ដែលត្រូវបានគេស្គាល់ថា UNDOF បានជូនដំណឹងដល់សមភាគីអ៊ីស្រាអែលថា សកម្មភាពទាំងនេះនឹងជាការរំលោភលើកិច្ចព្រមព្រៀងផ្តាច់ខ្លួនឆ្នាំ 1974។ លោក​បាន​បន្ថែម​ថា កង​កម្លាំង​អ៊ីស្រាអែល​ដែល​ចូល​ក្នុង​តំបន់​នោះ​ នៅ​តែ​មាន​វត្តមាន​ក្នុង​ទីតាំង​បី។

ទន្ទឹមនឹងនេះដែរ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ការដាក់ពង្រាយទាហានចូលទៅក្នុងតំបន់នេះគឺ “មានកម្រិត និងបណ្តោះអាសន្ន”។

លើសពីការលុកលុយទឹកដី កងកម្លាំងអ៊ីស្រាអែលបាននិងកំពុងទម្លាក់គ្រាប់បែកលើគោលដៅនៅទូទាំងប្រទេសស៊ីរី ចាប់តាំងពីការទម្លាក់លោក al-Assad កាលពីថ្ងៃអាទិត្យ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលជាអ្នកឃ្លាំមើលសង្រ្គាមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាង100លើក​ លើទីតាំងយោធានៅទូទាំងប្រទេសស៊ីរីកាលពីថ្ងៃចន្ទ។ហើយថា ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​​កាន់​តែ​ខ្លាំង​ឡើងនេះ​មាន​គោល​បំណងដើម្បីបំផ្លាញ​សមត្ថភាព​យោធា​របស់​អតីត​របប​ al-Assad ។នេះបើយោងតាម Al Jazeera៕

       

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២