លោក អ៊ិត សំហេង ស្នើវិទ្យាស្ថាន CDRI ជួយស្រាវជ្រាវរកយន្តការ ជំរុញលើកទឹកចិត្តឱ្យ វិស័យឯកជនងាកមកបើកគ្រឹះស្ថាន TVET ឱ្យបានច្រើន

(ភ្នំពេញ) ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើដល់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (វបសអ-CDRI) ជួយសិក្សាស្រាវជ្រាវ រកឱ្យឃើញនូវចំណុចខ្វះខាត ក៏ដូចជាការធ្វើយ៉ាងណា ឱ្យការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តនានា របស់រាជរដ្ឋាភិបាលដែលបាន ដាក់ចេញពាក់ព័ន្ធការអភិវឌ្ឍធនធានមនុស្ស ជាពិសេសក្នុងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដូចជាយុទ្ធសាស្រ្តច តុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ, គោលនយោបាយ អភិវឌ្ឍឧស្សាហកម្មកម្ពុជា, គោលនយោបាយជាតិ ស្តីពីការងារនិងមុខរបរ និងគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កាន់តែឆ្លើយតបបានទៅនឹង តម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ន និងអនាគត។

ទន្ទឹមនឹងនេះ ក្រសួងក៏បានខិតខំជម្រុញវិស័យនេះ តាមរយៈការពង្រឹងយន្តការ របស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល ការពង្រីកនឹងពង្រឹងយន្តការ ក្រុមការងារចំរុះរដ្ឋ ឯកជន និងដៃគូរនានា ការបន្តជម្រុញការអនុវត្តផែនការ យុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដោយរៀបឱ្យចំមានជាផែនការមេ សំដៅធានាពង្រឹងសមត្ថភាព និងប្រសិទ្ធភាពដល់ការប្រតិបត្តិ ដល់របស់វិទ្យាស្ថានទាំង៣៨ នៅក្រោមឱវាទក្រសួង។

ជាមួយគ្នានេះផងដែរ តើគួរមានយន្តការជំរុញ លើកទឹកចិត្តដល់វិស័យឯកជន ដែលចង់វិនិយោគលើវិស័យសិក្សា ធិការឱ្យងាកមកបើកគ្រឹះស្ថានសិក្សា បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យមានចំនួនកាន់តែច្រើន ដើម្បីបណ្ដុះបណ្ដាល កម្លាំងពលកម្មជំនាញក្នុង វិស័យមួយនេះ យកមកបំពេញតម្រូវការទីផ្សារ ការងារក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ លើកទឹកចិត្តសិស្សដែលចប់ មធ្យមសិក្សាអាចងាកមករៀន ចាប់យកជំនាញវិជ្ជាជីវៈ ណាមួយសិនដើម្បីបានការងារធ្វើហើយ បើចង់រៀនបន្តដល់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត អាចរៀនបន្តបាន។

ការស្នើយ៉ាងដូច្នេះរបស់ លោក អ៊ិត សំហេង ត្រូវបានធ្វើឡើងនាឱកាស អនុញ្ញាតឲ្យលោកបណ្ឌិត ប៉ិច សុខេម នាយកប្រតិបត្តិវិទ្យាស្ថាន CDRI ជួបសម្តែងការគួរសម និងជម្រាបពីគម្រោងស្រាវជ្រាវលើការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់វិទ្យាស្ថាន នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។

នាឱកាសនោះ លោកប៉ិច សុខេមបានជម្រាបជូនអំពី គម្រោងស្រាវជ្រាវក្នុងផ្នែកអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងស្នើសុំអនុសាសន៍ លោករដ្ឋមន្ត្រីលើប្រធានបទផ្សេងៗទៀត ដើម្បីឲ្យវិទ្យាស្ថាន CDRI ដាក់បញ្ចូលក្នុងគម្រោងស្រាវជ្រាវ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយល់ថាមានសារៈសំខាន់ និងជាអាទិភាព។

លោក អ៊ិត សំហេង បានគាំទ្រសកម្មភាព ស្រាវជ្រាវរបស់វិទ្យាស្ថាន CDRI នាពេលកន្លងមក ដែលកំពុងបន្តការសិក្សាលើ គម្រោងមួយចំនួនពាក់ព័ន្ធការអប់រំ និងបណ្តុះបណ្តាល សម្រាប់២ឆ្នាំខាងមុខ មានដូចជាការលើកកម្ពស់នវានុវត្តន៍ នៃវិស័យអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជា និងការស្រាវជ្រាវ កិច្ចសន្ទនាគោលនយោបាយ និងកម្មវិធីអភិវឌ្ឍសមត្ថភាពក្នុងការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងឲ្យការសិក្សាស្រាវជ្រាវនេះ ទទួលបានលទ្ធផលកាន់តែប្រសើរ និងមានភាពប្រទាក់ក្រឡា ជាមួយគោលនយោបាយ អប់រំរបស់រាជរដ្ឋាភិបាល ក៏ដូចជាឯកសារយោងសម្រាប់អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និងនិស្សិត។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានស្នើឱ្យវិទ្យាស្ថាន CDRI បន្ថែមនូវការសិក្សាស្រាវជ្រាវពីការ ឆ្លើយតបនូវតម្រូវការជំនាញ ដែលអាចឆ្លើយតបបានទៅនឹង ការធ្វើពិពិធកម្មសេដ្ឋកិច្ច ដូចជាកសិឧស្សាហកម្ម ការកែច្នៃផលិតផល និងឧស្សាហកម្មផ្សេងៗទៀត ដែលអាចស្រូបយកកម្លាំង ពលកម្មមានជំនាញ ដើម្បីងាយស្រួលក្នុងការស្វែងរក ឱកាសការងារនិងដើម្បីធានានិរន្តរភាព នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅធានាបានថា «យុវជនម្នាក់មានជំនាញ មួយយ៉ាងតិចប្រចាំជីវិត» និងលើកកម្ពស់ចំណេះដឹងជំនាញវិជ្ជាជីវៈ ជាពិសេសដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យឈានឡើងមួយកម្រិតទៀត។

លោក អ៊ិត សំហេង បានបន្តទៀតថា បច្ចុប្បន្នទីផ្សារកម្ពុជាមាន តម្រូវការកម្លាំងពលកម្មក្នុងវិស័យ TVET យ៉ាងច្រើន ប៉ុន្តែយុវជនបែរជាមិនសូវងាក មកសិក្សាក្នុងវិស័យនេះទៅវិញ ដែលនេះក៏ជាការស្នើរបស់ លោកទៅកាន់វិទ្យាស្ថាន CDRI ឱ្យធ្វើការសិក្សាស្រាវជ្រាវផងដែរ ដើម្បីជំរុញឱ្យយុវជនបែរមក ស្វែងរកការសិក្សាក្នុងវិស័យ TVET នេះវិញ។

លោក អ៊ិត សំហេង រីករាយនឹងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយនឹងវិទ្យាស្ថាន CDRI លើការស្រាវជ្រាវរកឃើញ នូវអ្វីដែលថ្មីជាប្រយោជន៍ដល់យុវជន អង្គការជាតិ-អន្តរជាតិ និងក្រសួងស្ថាប័នរបស់ រាជរដ្ឋាភិបាលដើម្បីរៀបចំធ្វើផែនការ សកម្មភាពយកទៅអនុវត្តកាន់ តែមានប្រសិទ្ធភាពបន្ថែមទៀត។លោក ប៉ិច សុខេម បានបង្ហាញការប្ដេជ្ញាចិត្តបន្ត កិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសម្រេចបានលទ្ធផលនៃ ការសិក្សាស្រាវជ្រាវខាងមុខទៀត ដើម្បីគាំទ្រលើកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យ TVET ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២