ឧត្តមសេនីយ៍យោធាជាន់ខ្ពស់រុស្ស៊ីម្នាក់ លោក Igor Kirillov និងជំនួយការរបស់គាត់ ត្រូវបានសម្លាប់នៅក្នុងទីក្រុងមូស្គូ

លោក Igor Kirillov ឧត្តមសេនីយ៍ជាន់ខ្ពស់ទទួលបន្ទុកកងកម្លាំងការពារនុយក្លេអ៊ែររបស់រុស្ស៊ី ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារម្សិលម៉ិញនេះ ដោយការបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងមូស្គូ។ប្រភពមួយនៅក្នុងសេវាសន្តិសុខអ៊ុយក្រែន (SBU) ដែលនិយាយទៅកាន់ Al Jazeera បានអះអាងពីការទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះ។

គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅអំឡុងពេលប៉ុន្មានម៉ោងដំបូងកាលពីថ្ងៃអង្គារ Kirillovត្រូវបានសម្លាប់ ដោយគ្រាប់បែកដែលលាក់នៅក្នុងម៉ូតូអគ្គិសនីនៅខាងក្រៅអគារផ្ទះល្វែងមួយនៅលើ Ryazansky Prospekt ។ ទីតាំងវាយប្រហារមានចម្ងាយ 7គីឡូម៉ែត្រនៅភាគអាគ្នេយ៍នៃវិមានក្រឹមឡាំង។

អ្នកស្រី Yulia Shapovalova មកពី Al Jazeera ដែលរាយការណ៍នៅជិតកន្លែងផ្ទុះនោះបាននិយាយថា “កាបូបសាកសពពីរអាចត្រូវបានគេមើលឃើញនៅតាមផ្លូវ” ។ ដោយ​វិនិច្ឆ័យ​តាម​បង្អួច​ដែល​បែក​ខ្ទេច​ខ្ទី រលក​បំផ្ទុះ​បាន​ឈាន​ដល់​ជាន់​ទី ៤  ដោយ​ផ្ទះ​ល្វែង​ប្រហែល ១០ ល្វែង​ត្រូវ​បាន​គេ​រាយការណ៍​ថា​រង​ការ​ខូច​ខាតយ៉ាងដំណំ។

Kirillov មាន​អាយុ 54 ឆ្នាំ​នៅពេល​គាត់​ទទួល​មរណភាព​បាន​បម្រើការ​ជា​ប្រធាន​កង​ទ័ព​ការពារ​វិទ្យុសកម្ម គីមី និង​ជីវសាស្ត្រ តាំងពី​ខែមេសា ឆ្នាំ 2017មកម្ល៉េះ។ កងកម្លាំងពិសេសនៅក្នុងយោធារុស្ស៊ី ពួកគេប្រតិបត្តិការក្រោមលក្ខខណ្ឌនៃការចម្លងរោគវិទ្យុសកម្ម គីមី និងជីវសាស្រ្ត។ Kirillov បានរៀបការ ដោយមានកូនប្រុសចំនួន២នាក់។ ឧត្តមសេនីយរុស្ស៊ីរូបនេះ ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីប្រទេសមួយចំនួន រួមទាំងចក្រភពអង់គ្លេស និងកាណាដាផងដែរ ចំពោះតួនាទីរបស់គាត់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។

គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយថា “លោក Igor Kirillov ដែលជាប្រធានផ្នែកការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តនៃកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី និងជំនួយការរបស់គាត់ត្រូវបានសម្លាប់” ។ គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ីបានប្រកាសថា សំណុំរឿងព្រហ្មទណ្ឌត្រូវបានបើក។ លោកស្រី Svetlana Petrenko អ្នកនាំពាក្យរបស់គណៈកម្មាធិការនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងម៉ូស្គូកំពុងចាត់ទុកការបំផ្ទុះគ្រាប់បែកនេះថា ជាការវាយប្រហារភេរវកម្ម។

លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បាននិយាយថា ដោយដឹងពីភាពចៀសមិនរួចនៃការបរាជ័យផ្នែកយោធារបស់ខ្លួន [អ៊ុយក្រែន] ចាប់ផ្តើមការវាយប្រហារដោយកំសាក និងគួរឱ្យស្អប់ខ្ពើមនៅក្នុងទីក្រុងសន្តិភាពមួយនេះ៕

អ៊ុយក្រែនបានចាត់ទុក Kirillov គឺជាឧក្រិដ្ឋជនសង្គ្រាម និងជាគោលដៅស្របច្បាប់ពិតប្រាកដ ចាប់តាំងពីគាត់បានចេញបញ្ជាឱ្យប្រើប្រាស់អាវុធគីមីហាមឃាត់ប្រឆាំងនឹងយោធាអ៊ុយក្រែន។ការសងសឹកចំពោះឧក្រិដ្ឋកម្មសង្រ្គាមគឺចៀសមិនរួច។នេះបើតាមមន្ត្រីដែលមិនបញ្ចេញឈ្មោះបានប្រាប់ Politico ។ កាលពីថ្ងៃច័ន្ទ SBU បានចោទប្រកាន់លោក Kirillov ពីការប្រើប្រាស់អាវុធគីមីដែលត្រូវបានហាមឃាត់នៅអំឡុងពេលការឈ្លានពានពេញលេញរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ 2022 ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ SBU បាននិយាយថា កងកម្លាំងរបស់ប្រទេសរុស្ស៊ីបានប្រើប្រាស់ប្រភេទផ្សេងគ្នានៃគ្រាប់បែកគីមីហាមឃាត់ប្រឆាំងនឹងអ៊ុយក្រែនច្រើនជាង 4,800 ដង៕

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២