ប្រធានាធិបតី Volodymyr Zelensky បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកនៅលើ Telegram នៅថ្ងៃទី 23 ខែធ្នូនេះថា ចំនួនទាហានកូរ៉េខាងជើងដែលបានស្លាប់ និងរងរបួសដែលប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ Kursk Oblast របស់ប្រទេសរុស្ស៊ីបានកើនឡើងជាង 3,000 នាក់ហើយនៅពេលនេះ។
តាមសេចក្តីរាយការណ៍ រុស្ស៊ីបានដាក់ពង្រាយទាហានកូរ៉េខាងជើងប្រហែល ១២.០០០នាក់ ដើម្បីជួយបណ្តេញទាហានអ៊ុយក្រែនដែលកំពុងប្រយុទ្ធនៅតំបន់ Kursk ចាប់តាំងពីដើមខែសីហាមក។ Zelensky បានព្រមានអំពីហានិភ័យជាសកលដែលបង្កឡើងដោយការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង រួមទាំងការផ្ទេរបទពិសោធន៍សង្គ្រាមទំនើប និងបច្ចេកវិទ្យាយោធាទំនើបផងដែរ។ លោក Zelensky បាននិយាយថា “មានហានិភ័យដែលកូរ៉េខាងជើងបញ្ជូនទាហាន និងឧបករណ៍យោធាបន្ថែមទៅកងទ័ពរុស្ស៊ី ហើយយើងនឹងមានការឆ្លើយតបជាក់ស្តែងចំពោះបញ្ហានេះ” ។ លោកបានបន្ថែមថា ការបង្កើនកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងកូរ៉េខាងជើង គំរាមកំហែងដល់អស្ថិរភាពឧបទ្វីបកូរ៉េ និងតំបន់ក្បែរនោះ។ ការប៉ាន់ប្រមាណរបស់ Zelensky ដែលគាត់បាននិយាយថា ការស៊ើបការណ៍របស់អ៊ុយក្រែន គឺជាការកើនឡើងគួរឱ្យកត់សម្គាល់ពីរបាយការណ៍ថ្មីៗផ្សេងទៀតអំពីជនរងគ្រោះកូរ៉េខាងជើង។
សមាជិកសភាកូរ៉េខាងត្បូង លោក Lee Sung-kwon បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃទី 19 ខែធ្នូថា យ៉ាងហោចណាស់ទាហានកូរ៉េខាងជើងចំនួន 100 នាក់ត្រូវបានសម្លាប់ និង 1,000 នាក់បានរងរបួស ដោយចំនួនអ្នកស្លាប់បាត់បង់ជីវិតទាក់ទងនឹងការខ្វះបទពិសោធន៍របស់ពួកគេ ជាមួយនឹងស្ថានភាពនៅសមរភូមិ និងសង្គ្រាមយន្តហោះគ្មានមនុស្សបើកជាដើម។
កាសែត Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃទី 23 ខែធ្នូនេះ ដោយផ្អែកលើការវិភាគលើរូបភាពផ្កាយរណបរបស់ខ្លួនថា ប្រទេសកូរ៉េខាងជើងហាក់ដូចជាកំពុងរៀបចំផ្គត់ផ្គង់អាវុធបន្ថែមទៀតដល់ប្រទេសរុស្ស៊ីនូវសម្ភារយោធាដាក់ក្នុងទូរកុងតឺន័រចំនួន 20,000 ដែលពួកគេបានបញ្ជូនទៅរួចហើយ។ តាមសេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងត្បូង នៅក្នុងថ្ងៃដដែលនេះថា កូរ៉េខាងជើងត្រៀមបញ្ជូនទាហាន និងអាវុធបន្ថែមទៀត ដើម្បីជួយដល់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ មន្ត្រីក្រុងសេអ៊ូលបានប្រាប់ WSJ ថា រោងចក្រផលិតអាវុធប្រមាណជា ២០០កន្លែងក្នុងប្រទេសកូរ៉េខាងជើង កំពុងដំណើរការយ៉ាងមមាញឹកក្នុងការផលិតអាវុធ ដោយរុស្ស៊ីបានផ្តល់ប្រេងឥន្ធនៈ និងឧបករណ៍ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងផលិតអាវុធរបស់ទីក្រុងព្យុងយ៉ាង។