ប្រព័ន្ធផ្សព្វផ្សាយលីបង់បាននិយាយថា កងកម្លាំងកងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមការលុកលុយចូលទៅក្នុងតំបន់យុទ្ធសាស្ត្រមួយនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ នៅក្នុងការរំលោភចុងក្រោយនៃកិច្ចព្រមព្រៀងបទឈប់បាញ់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានចល័តចូលទៅក្នុងតំបន់ Wadi al-Hujeir ដោយបានបាញ់កាំភ្លើងយន្តធុនធ្ងន់ អំឡុងពេលពួកគេឈានទៅមុខក្នុងតំបន់នោះ។


ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា កងទ័ពលីបង់បានបិទផ្លូវទាំងអស់នៅក្នុងតំបន់នោះ បន្ទាប់ពីការលុកលុយរបស់អ៊ីស្រាអែល។ NNA បាននិយាយថា ការវាយឆ្មក់របស់អ៊ីស្រាអែលបានបង្ខំអ្នកស្រុកនៃទីក្រុង Qantara ក្បែរនោះឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេឆ្ពោះទៅភូមិ Ghandourieh ។ មិនមានការអត្ថាធិប្បាយពីកងទ័ពអ៊ីស្រាអែលលើរបាយការណ៍នេះទេ។


អាជ្ញាធរលីបង់បានរាយការណ៍ពីការរំលោភរបស់អ៊ីស្រាអែល ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី 27 ខែវិច្ឆិកា ក្នុងក្តីសង្ឃឹមនៃការបញ្ចប់ការប្រយុទ្ធគ្នាជាង 14 ខែរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេសបូឡា។


នៅក្រោមលក្ខខណ្ឌបទឈប់បាញ់ អ៊ីស្រាអែលត្រូវបានតម្រូវឱ្យដកកងកម្លាំងរបស់ខ្លួននៅភាគខាងត្បូងនៃខ្សែបន្ទាត់ខៀវ ដែលជាព្រំដែនជាក់ស្តែង – ជាដំណាក់កាល ខណៈដែលកងទ័ពលីបង់ត្រូវដាក់ពង្រាយនៅភាគខាងត្បូងលីបង់ក្នុងរយៈពេល 60 ថ្ងៃ។ ទិន្នន័យពីក្រសួងសុខាភិបាលលីបង់បង្ហាញថា ចាប់តាំងពីការវាយលុករបស់អ៊ីស្រាអែលលើប្រទេសលីបង់បានចាប់ផ្តើមនៅថ្ងៃទី 8 ខែតុលា ឆ្នាំ 2023នោះមក មានមនុស្សយ៉ាងហោចណាស់ចំនួន 4,063 នាក់ត្រូវបានសម្លាប់រួមទាំងស្ត្រី កុមារ និងបុគ្គលិកសុខាភិបាលផងដែរ ខណៈដែល 16,663 នាក់ផ្សេងទៀតបានរងរបួស៕

ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា