ក្រសួងបរិស្ថាន ៖ បទល្មើសក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ជិត៤០០ករណី ត្រូវបានបង្រ្កាប ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០

(ភ្នំពេញ) ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា បទល្មើសក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ចំនួន៣៩៩ករណី ត្រូវបានបង្រ្កាប ក្នុងរយៈពេលពីខែមករា ដល់ខែមេសា ឆ្នាំ២០២០នេះ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន នៅថ្ងៃទី៧ ខែឧសភានេះ បញ្ជាក់ថា បទល្មើសធនធានធម្មជាតិដែលបង្រ្កាបបានដោយមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងរយពេល៤ខែនេះ រួមមានការលួចកាប់ឈើខុសច្បាប់ ទន្ទ្រានកាន់កាប់ដីព្រៃ ការបរបាញ់សត្វខុសច្បាប់ ក្នុងនោះបទល្មើសកាប់ឈើ និងទន្ទ្រានដីព្រៃខុសច្បាប់ចំនួន ៣២ករណី ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ដើម្បីដំណើរការនីតិវិធី ខណៈបទល្មើសចំនួន៤២ករណី ដែលមានមនុស្សពាក់ព័ន្ធជិត១០០នាក់ ត្រូវបានឲ្យធ្វើកិច្ចសន្យា និងអប់រំណែនាំ។

ឯកឧត្តម បានបន្តថា មន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍តំបន់ការពារធម្មជាតិព្រៃឡង់ បានរឹបអូសវត្ថុតាងជាច្រើនរួមមាន៖ រណាយន្តបានចំនួន១៩៣គ្រឿង រថយន្ត២គ្រឿង គោយន្តចំនួន៣៤គ្រឿង ម៉ូតូ២៥គ្រឿង និងរឹបអូសឈើដែលបានកាប់បំផ្លាញចំនួន១៧៩ម៉ែត្រគូប ព្រមទាំងឈើហ៊ុប និងឈើដុំចំនួន១៦៥កំណាត់។ ក្នុងអំឡុងនៃការបង្ក្រាបបទល្មើសនេះ កម្លាំងមន្ត្រីឧទ្យានុក្ស ក៏បានបំផ្លាញ និងរុះរើរោងអនាធិបតេយ្យក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ចំនួន៣៤រោង និងបានដកហូតកាំភ្លើងកែច្នៃដែលប្រើប្រាស់សម្រាប់ការបរបាញ់សត្វខុសច្បាប់បានចំនួន២៩ដើម និងបានដោះអន្ទាក់បានចំនួន៧២៤អន្ទាក់។

បច្ចុប្បន្ន ក្រសួងបរិស្ថាន បាននឹងកំពុងសហការអនុវត្តគម្រោងការពារ និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ក្រោមគម្រោង«ព្រៃឡង់បៃតង» ដែលគាំទ្រថវិកាដោយភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) ក្នុងទំហំទឹកប្រាក់២១ លានដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។

ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា គម្រោងព្រៃឡង់បៃតងមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការអភិរក្សជីវៈចម្រុះ និងស្ថានភាពប្រព័ន្ធអេកូឡូស៊ី ព្រមទាំងបង្កើតឲ្យមាននិរន្តរភាព និងសមធម៌នៃកាលានុវត្តភាពផ្នែកសេដ្ឋកិច្ច ជីវភាពសហគមន៍ និងទុនធម្មជាតិសម្រាប់ការវិនិយោគឡើងវិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២