កូវីដ១៩៖ជប៉ុនអាចនឹងបញ្ចប់ស្ថានភាពក្នុងគ្រាអាសន្នសម្រាប់តំបន់ខ្លះក្នុងសប្តាហ៍នេះ

(ក្រុងតូក្យូ)៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចលោក Yasutoshi Nishimura បាននិយាយថារដ្ឋាភិបាលជប៉ុននឹងពិចារណាលើការបន្ធូរបន្ថយស្ថានភាពក្នុងគ្រាអាសន្នលើតំបន់ជាច្រើននៃខេត្តចំនួន ៣៤ ដែលមិនមែនជាតំបន់រងគ្រោះធ្ងន់ធ្ងរបំផុតដោយសារការរីករាលដាលនៃជំងឺកូរ៉ូណាមុនពេលផុតកំណត់នៅទូទាំងប្រទេសនៅថ្ងៃទី ៣១ ខែឧសភា។ នេះបើតាមចេញផ្សាយដោយសារព័ត៌មានChannelNewsAsia នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០។
លោក Nishimura បានប្រាប់អង្គប្រជុំសភានៅថ្ងៃច័ន្ទ ទី១១ ខែឧសភានេះថា “ចំពោះខេត្តទាំង ៣៤ …ប្រសិនបើយើងអាចគ្រប់គ្រងពីចំនួននៃការឆ្លងថ្មី នៅតែមានស្ថេរភាព ប្រាកដណាស់ស្ថានភាពក្នុងគ្រាអាសន្ន នឹងត្រូវបានបន្ធូរបន្ថយសម្រាប់បណ្តាខេត្តទាំងនោះ”។ លោកបានបន្ថែមថាភាពអាសន្នអាចនងត្រូវបានអនុវត្តឡើងវិញ ប្រសិនបើមានសញ្ញានៃការកើតឡើងម្តងទៀតនៃវីរុសកូរូណា បន្ទាប់ពីការដកចេញនៃវិធានការនេះ។ទីក្រុងតូក្យូ អូសាកា និងបណ្តាខេត្តចំនួន ១១ ផ្សេងទៀតមិនមែនស្ថិតក្នុងតំបន់ដែលអាចមានការបន្ធូរបន្ថយការរឹតត្បិតនោះទេ។

ប្រទេសជប៉ុនកាលពីសប្តាហ៍មុនបានពន្យាការដាក់ប្រទេសក្នុងគ្រាអាសន្នទូទាំងប្រទេសដល់ដំណាច់ខែឧសភាដោយនិយាយថាខ្លួននឹងវាយតំលៃស្ថានការណ៍ឡើងវិញនៅថ្ងៃទី ១៤ ខែឧសភាហើយអាចនិងបន្ធូរបន្ថយមុនពេលសម្រាប់ខេត្តមួយចំនួន។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០នេះ ប្រទេសជប៉ុនមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១,៥៧៧នាក់ ក្នុងចំណោមនោះអ្នកជាសះស្បើយចំនួន៨,១២៧នាក់ និងអ្នកជំងឺចំនួន៦២៤នាក់បានបាត់បង់ជីវិតរួចទៅហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២