កូវីដ១៩៖ ម៉ាឡេស៊ីប្រកាសបន្តការបិទប្រទេសមួយផ្នែករហូតដល់ថ្ងៃទី០៩ ខែមិថុនា

(គូឡាឡាំពួរ)៖នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassinបានប្រកាសថា វិធានការគ្រប់គ្រងសកម្មភាពប្រជាជនរបស់ម៉ាឡេស៊ី (MCO) នឹងត្រូវបានពន្យាពេលអនុវត្តរយៈពេល ៤សប្ដាហ៍បន្ថែមទៀត រហូតដល់ថ្ងៃទី០៩ ខែមិថុនា ដែលនេះគឺជាការអូសបន្លាយពេលលើកទី៤ ចាប់តាំងពីវិធានការនេះ ត្រូវប្រកាសដាក់ចេញកាលពីថ្ងៃទី១៨ ខែមីនាមក។ នេះបើតាមចេញផ្សាយដោយសារព័ត៌មានChannelNewsAsia នៅយប់ថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០។
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ លោក Muhyiddin បានលើកឡើងថា បើទោះជាវិធានការ MCO ឬគេស្គាល់ថាជាវិធានការបិទប្រទេសមួយផ្នែក នៃរដ្ឋាភិបាលរបស់លោក បានបង្ហាញលទ្ធផលវិជ្ជមាននៅក្នុងប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក៏ដោយ ប៉ុន្តែកិច្ចខិតខំប្រែងមិនទាន់ទទួលបានជោគជ័យទាំងស្រុង នៅឡើយទេ។លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានគូសបញ្ជាក់ដូច្នេះថា៖ ផ្អែកលើមតិសាធារណៈ ខ្ញុំមើលឃើញថាប្រជាជនចង់ឱ្យរដ្ឋាភិបាល បន្តអនុវត្តវិធានការចាំបាច់នានា ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩។ មួយវិញទៀត ដោយផ្អែកលើការប្រឹក្សាពីក្រសួងសុខាភិបាល និងក្រុមប្រឹក្សាសន្តិសុខជាតិ ខ្ញុំសូម ប្រកាសថាវិធានការ MCO ដែលនឹងត្រូវអស់សុពលភាពនៅថ្ងៃទី១២ ខែឧសភានេះ នឹងត្រូវពន្យាពេលដល់ថ្ងៃទី០៩ ខែមិថុនា។
គួរបញ្ជាក់ថា វិធានការគ្រប់គ្រងសកម្មភាពប្រជាជនរបស់ម៉ាឡេស៊ី (MCO) ដែលចូលជាធរមានកាលពីថ្ងៃទី១៨ ខែមីនាមក បានឆ្លងកាត់ការអូសបន្លាយពេល៣ដង រួចមកហើយ។ ស្ថិតនៅក្រោមវិធានការបិទប្រទេសមួយផ្នែកនេះ ពាណិជ្ជកម្ម ឬអាជីវកម្មមិនសូវសំខាន់ និងសាលារៀន ត្រូវបានបិទទ្វារ ខណៈជើងហោះហើរក្នុងស្រុក និងអន្តរជាតិត្រូវបានផ្អាកជាបណ្ដោះអាសន្ន។
គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១១ នេះ ម៉ាឡេស៊ី មានអ្នកឆ្លងកូវីដ១៩សរុបចំនួន៦,៦៥៦នាក់ ក្នុងនោះស្លាប់ ១០៨នាក់ និង ៥,០២៥ នាក់បានជាសះស្បើយឡើងវិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២