រយៈពេលបីថ្ងៃ កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្សជាង 200 នាក់ នៅតំបន់ Gaza

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង 200 នាក់នៅទូទាំងតំបន់ហ្គាហ្សាក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ខណៈដែលយោធានៅតែបន្តវាយលុកអគារលំនៅដ្ឋាន ប្រជាជនដែលប្រមូលផ្តុំគ្នានៅតាមដងផ្លូវ ផ្សារ និងទីជម្រក។ លោក Hani Mahmoud របស់ Al Jazeera រាយការណ៍ពី Deir el-Balah បាននិយាយថា ទោះបីជាអ៊ីស្រាអែលអះអាងថា ខ្លួនកំពុងកំណត់គោលដៅលើក្រុមយុទ្ធជនហាម៉ាសក៏ដោយ ជនរងគ្រោះភាគច្រើនគឺជាប្រជាជនស្លូតត្រង់។

លោក​បាន​ថ្លែង​ថា​៖ «​យើង​កំពុង​មើល​ឃើញ​ស្ត្រី និង​កុមារ​រួម​គ្នា​ជា​ច្រើន​នៃ​អ្នក​ស្លាប់​បាត់បង់​ជីវិត​»។ មន្ទីរពេទ្យត្រូវបានគ្របដណ្ដប់ដោយអ្នកស្លាប់ និងរបួស ការវាយប្រហារដោយផ្ទាល់ទៅលើបរិក្ខារពេទ្យ និងការខ្វះខាតការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ នៅពេលដែលអ៊ីស្រាអែលដាក់ការឡោមព័ទ្ធយ៉ាងតឹងរ៉ឹងនៅតំបន់នោះ។ នៅមន្ទីរពេទ្យ Al-Aqsa Martyrs ក្នុងទីក្រុង Deir el-Balah អ្នករងរបួសជាច្រើននាក់បានស្លាប់មុនពេលពួកគេអាចព្យាបាលបាន។

សង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាឥឡូវនេះបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 45,805 នាក់ និងរបួស 109,064 នាក់ចាប់តាំងពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023នោះមក។ យ៉ាងហោចណាស់មនុស្សចំនួន 1,139 នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល នៅអំឡុងពេលការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាសនៅថ្ងៃនោះ ហើយប្រហែល 250 នាក់ត្រូវបានចាប់ខ្លួន៕

 

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២