ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ត្រូវបានកែសម្រួលពាក្យពេចន៍ ឃ្លាឃ្លោងជាច្រើន ដើម្បីជៀសវាងការបកស្រាយខុសនៅពេលអនុវត្ត

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បើកកិច្ចប្រជុំវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីកែសម្រួលពាក្យពេចន៍ ឃ្លាឃ្លោង អត្ថន័យ និងការកំណត់និយមន័យច្បាប់ ជៀសវាងការបកស្រាយខុសនៅពេលអនុវត្ត។

កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ដឹកនាំដោយឯកឧត្ដម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីកែសម្រួលពាក្យពេចន៍ ឃ្លាឃ្លោង ខ្លឹមសារ និងការកំណត់និយមន័យពាក្យគន្លឹះឱ្យមានន័យកាន់តែច្បាស់លាស់ ជាក់លាក់ទៅតាមបរិបទច្បាប់នេះ សំដៅការការពារផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ និងបរិស្ថានជារួម ព្រមទាំងងាយស្រួលអនុវត្ត និងជៀសវាងការបកស្រាយខុស។

ឯកឧត្តម តូច ចាន់កុសល បានមានប្រសាសន៍ថា ការកែសម្រួលពាក្យពេចន៍ ឃ្លាឃ្លោង អត្ថន័យ និងការកំណត់និយមន័យនៃច្បាប់នេះ គឺនឹងបន្តពិភាក្សាម្ដងមួយជំពូកៗរហូតដល់ចប់ ដើម្បីដាក់ឆ្លងស្ថាប័នពាក់ព័ន្ធទាំងអស់ធ្វើការពិនិត្យកែសម្រួល មុននឹងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រម។ ឯកឧត្ដមបានឱ្យដឹងផងដែរថា៖ កិច្ចប្រជុំនេះបានកែសម្រួលពាក្យពេចន៍ ឃ្លាឃ្លោងជាច្រើនក្នុងនោះរួមមានពាក្យដូចជារថយន្តទេសចរណ៍ទៅជារថយន្តគ្រួសារជាដើម៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២