កូវីដ១៩៖ ឥណ្ឌាសម្រេចពន្យាពេលបិទប្រទេស ២សប្តាហ៍បន្ថែមទៀត

(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌា បានសម្រេចចិត្តអូសបន្លាយពេលបិទប្រទេស ២សប្ដាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាតត្បាតកូវីដ១៩។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០។

បទបញ្ជាផ្លូវការដែលចេញដោយក្រសួងមហាផ្ទៃ(សន្តិសុខផ្ទៃក្នុង)ឥណ្ឌា បានប្រកាសនៅថ្ងៃអាទិត្យនេះថា ការបិទប្រទេសដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ នឹងត្រូវបានពន្យារដល់ថ្ងៃទី ៣១ ខែឧសភា ខាងមុខ។ថ្ងៃអាទិត្យម្សិលមិញគឺជាថ្ងៃចុងក្រោយនៃការបិទប្រទេសដំណាក់កាលទី៣របស់ឥណ្ឌា។ដំណាក់កាលទីបួននៃការបិទប្រទេសនឹងចាប់ផ្តើមពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ រដ្ឋាភិបាលឥណ្ឌា បានសម្រេចអូសបន្លាយពេលបិទប្រទេសបន្ថែមនេះ ជាមួយវិធានការ និងសេចក្ដីណែនាំថ្មីៗ អាចនឹងត្រូវដាក់ឱ្យអនុវត្តផងដែរ ខណៈខ្លួនកំពុង ពិចារណាបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។

សូមជម្រាបថា នេះគឺជាលើកទី៤ហើយ ដែលប្រទេសឥណ្ឌាបានប្រកាសអូសបន្លាយពេលបិទប្រទេសសារជាថ្មីម្តងទៀត។គួររំលឹកថា ឥណ្ឌាបានដាក់ចេញវិធានការបិទប្រទេសទាំងមូល កាលពីថ្ងៃទី២៤ ខែមីនា កន្លងមក ហើយសាលារៀន, សេវាដឹកជញ្ជូនសាធារណៈ និងពាណិជ្ជកម្មមួយភាគធំ ត្រូវបិទទា្វរចាប់ពីពេលនោះមកដែរ។ ប៉ុន្តែ ការឆ្លងរាតត្បាត កូវីដ១៩ មិនទាន់ថយចុះ ដូចការគ្រោងទុកនោះទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២