សហរដ្ឋអាមេរិក ផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន ៧.៥លានដុល្លារអាមេរិក ដល់កម្ពុជា

(ភ្នំពេញ) ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន ៧.៥លានដុល្លារអាមេរិក ដល់កម្ពុជាសម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩។

ថ្លែងនៅក្នុងពិធីប្រកាស ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក Patrick Murphy បានជម្រាបជូនថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន ៧.៥លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាចំនួន៥លានដុល្លារអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងថវិកាចំនួន២.៥ លានដុល្លារអាមេរិកទៀត ជាហិរញ្ញប្បទានបន្ថែមសម្រាប់ការឆ្លើយតបនឹង ការការពារសុខមាលភាព ប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។

ចំពោះការប្រើប្រាស់ហិរញ្ញប្បទានឥតសំណងនេះ, ក្នុងរយៈពេលខ្លីនឹងត្រូវប្រើប្រាស់ក្នុងការជួយ លើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋកម្ពុជា ដែលរងប៉ះពាល់ខ្លាំងពីជំងឺរាតត្បាតនេះ ហើយដោយឡែកក្នុងរយៈពេលមធ្យម នឹងជួយរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញការងារឡើងវិញ ដល់ប្រជាពលរដ្ឋរងគ្រោះក្នុងវិស័យឯកជន ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់ជំនួយអន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា ដែលជាកាយវិការប្រកប ដោយអត្ថន័យសម្រាប់ប្រជាជនកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា ជំងឺកូវីដ-១៩ មិនត្រឹមតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគំរាមកំហែងដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅទូទាំងពិភពលោកផងដែរ ហើយកម្ពុជាក៏ដូចជាប្រទេសដទៃទៀតដែរ បានទទួលរងផលប៉ះពាល់ពីជំងឺនេះ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវកញ្ចប់វិធានការ ដើម្បីរក្សាលំនឹងសកម្មភាពអាជីវកម្ម ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ, ជួយសម្រាលដល់ជីវភាពកម្មករ និយោជិត និងប្រជាពលរដ្ឋកម្ពុជាផងដែរ។

លោកបន្តថា វិធានការអន្តរគមន៍ចំនួន៣ជុំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញជាបន្ទាន់ ដើម្បីជួយស្រោចស្រង់វិស័យឯកជន ជាពិសេសក្នុងវិស័យសំខាន់ៗ ដូចជា វិស័យទេសចរណ៍, អាកាសចរណ៍ និងកាត់ដេរវាយនភ័ណ្ឌ និងដើម្បីរក្សាលំនឹងជីវភាពរស់នៅ របស់កម្មករ-និយោជិត ដែលបម្រើការក្នុងវិស័យទាំងនេះ ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ តាមរយៈការលើកទឹកចិត្ត និងការអនុគ្រោះផ្នែកសារពើពន្ធ, ការអនុញ្ញាតឱ្យមិនបង់ប្រាក់ភាគទានធានារ៉ាប់រង របបហានិភ័យការងារ និងថែទាំសុខភាព ការលើកលែង និងអនុគ្រោះឥណទាន (credit relief), ការបង្កើនសន្ទនីយភាព (liquidity) ទៅក្នុងទីផ្សារ ។ល។

លោកឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងដាក់ចេញនូ វកម្មវិធីជំនួយសង្គម ដើម្បីជួយសម្រាលការលំបាក និងរក្សាលំនឹងជីវភាពប្រជាជន តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់ សម្រាប់ក្រុមគ្រួសារប្រជាជនក្រីក្រខ្វះខាត, កម្មវិធីសាច់ប្រាក់ពលកម្ម (Cash for work), ការបណ្ដុះបណ្ដាលជំនាញរយៈពេលខ្លី ដើម្បីបង្កើនលទ្ធភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងឈានទៅចាប់យកការងារក្នុងវិស័យថ្មី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២