សូ ចាន់រាជ និង ប៊ន ពន្លឹក បាក់ឆ្អឹងដៃរៀងខ្លួន​ព្រោះប្ដូរយកជ័យជំនះក្នុងការប្រកួតមួយទឹក៩នាទីលើសង្វៀនMas Fight

(ភ្នំពេញ) ៖ កីឡាករ សូ ចាន់រាជ និងកីឡាករ ប៊ន ពន្លឹក បានយកសង្វៀនMas Fight Cambodia មកប្រកួតសងសឹងគ្នា ដើម្បីដឹងចាញ់ឈ្នះ ក្នុងការប្រកួតលក្ខណៈ Mas Fight មួយទឹក៩នាទីកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ ព្រោះតែចង់បានជ័យជំនះរៀងខ្លួន កីឡាករទាំងពីរ បានប្ដូរក្បាច់គ្នាទៅវិញទៅមក ក្នុងរយៈពេល៩នាទីពេញ ដែលទទួលបានលទ្ធផលស្មើគ្នា កីឡាករពីររូបនេះ បានអង្រួនចិត្តអ្នកស្រលាញ់គុនខ្មែរ សរសើរ មិនដាច់ពីមាត់ ពីទឹកចិត្តជាកីឡាករប្រដាល់ ព្រោះពួកគេបានបញ្ជេញអស់ពីសមត្ថភាពដើម្បីភាពជោគជ័យរៀងខ្លួន ហើយពួកគេក៏ត្រូវបានអ្នកគាំទ្រនិយាយថា ជាគូដែលជក់ចិត្តប្រចាំសប្ដាហ៍ទី២៧ របស់កម្មវិធីMas Fight Cambodia ផងដែរ។

ដោយសារតែទឹកចិត្តជាកីឡាករ កីឡាករ សូ ចាន់រាជ រងរបួសបាក់ឆ្អឹងដៃស្ដាំនៅម្រាមដៃនាង និងបែកចិញ្ចើមដេរ៥ថ្នេរ ហើយគូប្រកួតកីឡាករ ប៊ន ពន្លឹក ក៏រងរបួសបាក់ដៃស្ដាំដូចគ្នាដែរ ប៉ុន្តែនៅម្រាមកណ្ដាល និងបែកមាត់។ បើតាមការឲ្យដឹងពីកីឡាករទាំង២រូបនេះ ពួកគេមិនអាចប្រកួតរយៈយូរ ក្នុងកំឡុងពេល៣ទៅ៥ខែ ដើម្បីព្យាបាលរបួសរៀងៗខ្លួន។

កីឡាករ សូ ចាន់រាជ នៅថ្ងៃនេះបានសរសេរនៅលើបណ្ដាញសង្គមរបស់ខ្លួនថា«ស៊យណាស់ខ្ងុំអត់លុយបង់កង់បីគេហេីយឡេីងវៃប្រដាល់បាក់ដៃ ហើយបែកទៀត ខំសង្ឃឹមថាមួយប្រកួតនេះបានឈ្នះយកលុយបង់កង់បីគេ តែពេលនេះបានត្រឹមស្មើក្នុងកម្មវិធី Masf Fight 9នាទី😷ស៊យជាន់ស៊យហើយខ្ញុំ😔យ៉ាងហោចណាស់ក៏ត្រូវសំរាក3ខែដែលបានជាសះស្បើយវិញ។ខានបានទាំង វ៉ៃ ទាំង រត់កង់បី ។ តើមានលុយឯណាបង់កង់បីគេទៅ? មានតែគេ រឹបអូស យកវិញទេ😑នេះហេីយជីវិតអ្នកប្រដាល់🇰🇭រស់បានរាល់ថ្ងៃព្រោះបានលុយវ៉ៃ។ ឥឡូវវ៉ៃលេងកើត😓😓😓😓»។ បន្ទាប់ពីបានបង្ហោះសារនោះ ក៏ឃើញមានការចូលរួមជួយឧបត្ថម្ភ ដើម្បីជួយដល់កីឡាកររូបនេះផងដែរ។

ដោយឡែកកីឡាករ ប៊ន ពន្លឹក ពេលនេះបើតាមការដឹងក្លឹមនាគរាជចតុមុខ ពេលនេះកីឡាកររូបនេះកំពុងតែសម្រាកព្យាបាលនៅក្លឹប ដោយមានការមើលថែពីក្លឹបផ្ទាល់។

យ៉ាងនេះក្ដី កីឡាករ សូ  ចាន់រាជ និងកីឡាករ ប៊ន ពន្លឹក ក៏បានថ្លែងអំណរគុណដល់ក្រុមការងារMas Fight របស់ស្ថានីយទូរទស្សន៍ Town Full HD TVដែលបានយកចិត្តទុកដាក់ចំពោះ​ពួកគាត់ផងដែរ។

សូមជម្រាបថា ការប្រកួតរបស់កីឡាករទាំងពីររូបខាងលើនេះនៅលើសង្វៀនMas Fight របស់ស្ថានីយទូរទស្សន៍ Town Full HD TV បានធ្វើឲ្យអ្នកគាំទ្រសរសើរនិងទឹកចិត្តតស៊ូរបស់កីឡាករទាំងពីរ បើទោះបីជាទទួលបានលទ្ធផលស្មើគ្នាក៏ដោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២