ក្រសួងបរិស្ថានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាគិតរួមគ្នាថែរក្សាការពារធនធានធម្មជាតិ

(ភ្នំពេញ) ៖ នៅក្នុងទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោកឆ្នាំនេះក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាគិតរួមគ្នាថែរក្សាការពារធនធានធម្មជាតិ ដើម្បីការពារប្រព័ន្ធអេកូឡូស៊ី និងភពផែនដី ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប ហើយព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹកនិងថាមពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបានបញ្ជាក់ថា ឆ្នាំ២០២០នេះ គឺជាលើកទី២៧ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រារព្ធទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ថ្ងៃទី៥ ខែមិថុនា ក្រោមប្រធានបទ អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា ។

ឯកឧត្តមបានបន្តថា ការប្រារព្ធទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោកនេះ ដើម្បីលើកទឹកចិត្តដល់សាធារណជន អភិវឌ្ឍន៍សកម្មភាពមេត្រីភាពបរិស្ថានរួមគ្នា ដើម្បីទីក្រុងមានសោភ័ណភាព ភូមិដ្ឋានស្អាត មានអនាម័យបរិស្ថានល្អ ពង្រឹងការចូលរួមទប់ស្កាត់ការទន្រ្ទានដីព្រៃ បទល្មើសបំផ្លាញធនធានធម្មជាតិ និង ពង្រឹងការយល់ដឹងពីសារៈសំខាន់ នៃប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ ដើម្បីការរស់នៅដោយចីរភាព ។

សំឡេង«នៅក្នុងឪកាសទិវាបរិស្ថានជាតិថ្ងៃទី៥ ខែមិថុនា នេះ ក្រសួងបរិស្ថានសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទាំងអស់គ្នានៅក្នុងការស្រឡាញ់បរិស្ថាន ស្រឡាញ់ធនធានធម្មជាតិនិងការពារសត្វព្រៃរបស់យើង ។ ព្រះរាជាណាចក្រកម្ពុជារបស់យើងពិតជាមានមោទនភាពជាតិខ្មែរ ដោយសារតែផ្ទៃដីប្រមាជាង ៤១ភាគរយ នៅក្នុងប្រទេសកម្ពុជា ត្រូវបានចាត់ថាជាតំបន់ដែលត្រូវអភិរក្ស ដែលស្ថិតនៅក្រោមក្រសួងបរិស្ថាន ។ ក្រសួងបរិស្ថានបច្ចុប្បន្ននេះ កំពុងតែគ្រប់គ្រងអភិរក្ស តំបន់អភិរក្ស ចំនួន៦៩ កន្លែង ដែលនៅក្នុងនោះមានទាំង ឧទ្យាជាតិ ដែនជម្រកសត្វ ព្រៃតំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់បេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវៈចំរុះ ដែលសរុបគឺមានផ្ទៃដីប្រមាណជា៧,៣ លានហិកតា ។រាជរដ្ឋាភិបាលកម្ពុជាដែលនៅក្នុងនោះមានក្រសួងបរិស្ថានជាសេនាធិកាបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការការពារអភិរក្សធនធានធម្មជាតិនិងជីវៈចំរុះទាំងអស់នេះ » ។

គួររំឭកថា នៅកម្ពុជារាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៥ ខែមិថុនា ជា ទិវាបរិស្ថានជាតិ តាម រយៈអនុក្រឹត្យលេខ១៥ អនក្រ-បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦ ។ ជាមួយនឹងសេចក្តីអនុម័តនេះ ក្រសួងបរិស្ថាន បានប្រារព្ធទិវាបរិស្ថានជាតិ រួមជាមួយនឹងការប្រារព្ធទិវាបរិស្ថានពិភពលោក នៅថ្ងៃទី៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២