ក្រសួងទេសចរណ៍ សម្រេចដាក់ចេញវិធានសុវត្ថិភាព សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤

(ភ្នំពេញ) ៖ ដើម្បីចូលរួមដល់ការបង្កើនប្រសិទ្ធភាព នៃការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ និងបន្ទាប់ពីបានពិគ្រោះ ពិភាក្សាយ៉ាងល្អិតល្អន់ជាមួយក្រសួងសុខាភិបាល និងផ្នែកឯកជនរួចមក ក្រសួងទេសចរណ៍ បានសម្រេចដាក់ចេញនូវប្រកាសស្ដីពី វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្ម សេវាកម្ម ទេសចរណ៍ និងក្រមប្រតិបត្តិសម្រាប់អនុវត្តន៍ក្នុងអាជីវកម្មធំៗចំនួន ៤។

ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងទេសចរណ៍ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ដោយ មានការអញ្ជើញចូលរួមពីឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញ ពីប្រភេទនៃអាជីវកម្មសេវាកម្មទេសចរណ៍ទាំង៤នោះរួមមាន៖ ១–អាជីវកម្មសេវាកម្ម ស្នាក់នៅ ទេសចរណ៍, ២– អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន ទេសចរណ៍, ៣–អាជីវកម្មសេវា កម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក ផ្លូវគោក និង៤– អាជីវកម្មរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍។

ក្នុងវិធានសុវត្ថិភាពទេសចរណ៍ទាំងនេះ ក៏មានការកំណត់នូវលក្ខខណ្ឌជាច្រើនក្នុង នោះមានលក្ខខណ្ឌតម្រូវចាំបាច់ដោយខានពុំបាន និងលក្ខខណ្ឌជម្រើសដែលអាជីវកម្ម សេវាកម្មទេសចរណ៍ ត្រូវរៀបចំបំពេញតាមលក្ខខណ្ឌកំណត់។

ក្នុងករណីដែលមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ខាងលើមិនបានបំពេញនូវលក្ខខណ្ឌតម្រូវទេនោះ អាចនឹងប្រឈមនឹងការព្យួរអាជ្ញាបណ្ណទេសចរណ៍មួយរយៈ ប៉ុន្តែក្នុង ករណីដែលបានបំពេញនូវលក្ខខណ្ឌតម្រូវបានល្អ បន្ថែមដោយលក្ខខណ្ឌជម្រើសមួយចំនួន ទៀត អាចនឹងបានទទួលនូវប័ណ្ណបញ្ជាក់ និងលិខិតសរសើរ (Label) ទទួលស្គាល់គុណភាព សេវាកម្មក្នុងដំណាក់កាល Covid-19 ពីក្រសួងទេសចរណ៍ ដែលអាចបិទបង្ហាញផ្សព្វផ្សាយ ជាសាធារណៈឬចុះផ្សាយក្នុងបណ្តាញសង្គម និងគេហទំព័ររបស់ក្រសួងទេសចរណ៍បាន។

ជាមួយនឹងការដាក់ចេញឱ្យអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិ ខាងលើ ក្រសួងទេសចរណ៍ក៏ដាក់ចេញនូវសេចក្តីណែនាំ «អ្វីដែលគួរធ្វើ និងអ្វីមិនគួរធ្វើ» សម្រាប់វិស័យទេសចរណ៍ក្នុងដំណាក់កាលកូវីដ១៩ នេះជាភាសាខ្មែរ និងភាសាបរទេស ផងដែរ។

ឯកឧត្ដម ថោង ខុន បានថ្លែងថា ប្រកាសស្តីពីវិធានសុវត្ថិភាពទេសចរណ៍ និងក្រម ប្រតិបត្តិសម្រាប់អនុវត្តន៍នេះ នឹងត្រូវប្រកាសផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២