មិនមែនលំៗទេ ពេលនេះអ៊ុយក្រែនអាចផលិតយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរហូតដល់ 3,000 គីឡូម៉ែត្រដោយខ្លួនឯងបានហើយ ជាមួយនឹងគម្រោងផលិតឱ្យបាន៣ម៉ឺនគ្រឿងនៅក្នុងឆ្នាំនេះ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសកាលពីថ្ងៃទី 17 ខែមីនា នៅក្នុងសុន្ទរកថានៅពេលល្ងាចរបស់គាត់ថាយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនបានបញ្ចប់ការសាកល្បងដោយជោគជ័យ ដោយបង្ហាញពីសមត្ថភាពរបស់វាក្នុងការហោះហើរបានក្នុងរយៈចម្ងាយ 3,000 គីឡូម៉ែត្រ។

ដ្រូនរបស់យើងបានឆ្លងកាត់ការសាកល្បង 3,000 គីឡូម៉ែត្រ” លោក Zelensky បាននិយាយបន្ទាប់ពីកិច្ចប្រជុំនៃទីស្នាក់ការកណ្តាលនៃអគ្គមេបញ្ជាការកំពូល ដែលជាអង្គភាពបញ្ជាការ និងត្រួតពិនិត្យកំពូលសម្រាប់កងកម្លាំងការពារ និងសន្តិសុខរបស់ប្រទេសអ៊ុយក្រែន។

ទីក្រុង Kyiv បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារយ៉ាងជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធយោធា ដូចជា អាកាសយានដ្ឋាន រោងចក្រចម្រាញ់ប្រេង និងមជ្ឈមណ្ឌលដឹកជញ្ជូន។ក្នុង​ជំនួប​នោះ អ្នក​ចូលរួម​ក៏​បាន​ពិភាក្សា​អំពី​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ​ថ្មី​ដែល​បង្កើត​ឡើង​ដោយ​អ៊ុយក្រែន​គឺ Long Neptuneផងដែរ។

លោក Zelensky បាននិយាយថា “យើងអាចនិយាយបានថា យើងពេញចិត្តនឹងលទ្ធផលនៃការវាយប្រហារ។ ប៉ុន្តែយើងត្រូវតែផលិតមីស៊ីលបន្ថែមទៀត យន្តហោះគ្មានមនុស្សបើកបន្ថែមទៀត ហើយយើងនឹងនិយាយអំពីរឿងនេះជាមួយដៃគូរបស់យើងនៅសប្តាហ៍នេះ”។

អ្នកនាំពាក្យកងទ័ពជើងទឹក លោក Dmytro Pletenchuk បាននិយាយមុននេះថា កងទ័ពជើងទឹកអ៊ុយក្រែន គឺជារចនាសម្ព័ន្ធតែមួយគត់របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដែលប្រើប្រាស់មីស៊ីល Long Neptun ។ អ៊ុយក្រែនក៏បានអភិវឌ្ឍកូនកាត់មីស៊ីល-ដ្រូនរយៈចម្ងាយឆ្ងាយផងដែរ ដូចជាម៉ូដែល Palianytsia និង Peklo ដែលមានម៉ាស៊ីន turbojet ជាជម្រើសជំនួសសម្រាប់កាំជ្រួចបើកបរ។

ប្រធានាធិបតី Volodymyr Zelensky បានកំណត់គោលដៅផលិតយន្តហោះគ្មានមនុស្សបើកចម្ងាយឆ្ងាយឱ្យបានយ៉ាងហោចណាស់ចំនួន 30,000 គ្រឿងនៅក្នុងឆ្នាំ 2025នេះ។នេះបើយោងតាម The Kyiv Independent ៕

 

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២