ទីតាំងចាក់សំរាមពីខណ្ឌដង្កោ គ្រោងផ្លាស់ប្តូរទៅកាន់ទីតាំងថ្មីនៅតាមបណ្ដោយផ្លូវលេខ៥១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល

(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងផ្លាស់ប្តូរទីតាំងចាក់សំរាមទៅនៅតាមបណ្ដោយផ្លូវលេខ៥១ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយទីតាំងចាក់សំរាមនៅក្នុងខណ្ឌដង្កោបច្ចុប្បន្ន នឹងរក្សាទុកជាទីតាំងសម្រាប់ផ្ទេរសំរាមវិញ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធររាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១១ មិថុនានេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា នៅពេលដែលយើងផ្ទេរទៅកាន់ទីលានចាក់សំរាមថ្មីហើយនោះ ទីតាំងចាក់សំរាមចាស់ ក្នុងខណ្ឌដង្កោនឹងទុកជាកន្លែងផ្ទេរសំរាម។ ក្រៅពីនេះយើងក៏បានជ្រើសរើសយកទីតាំងផ្ទេរសំរាមចំនួនបីផ្សេងទៀតនៅជាយរាជធានីភ្នំពេញ ក្នុងនោះ នៅខណ្ឌព្រៃព្នៅមាន២ទីតាំង ខណ្ឌសែនសុខមាន១ទីតាំង និងនៅខណ្ឌពោធិ៍សែនជ័យមាន១ទីតាំង។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានដេញថ្លៃក្រុមហ៊ុនដឹកជញ្ជូនសំរាមចំនួន៣រួចហើយ ហើយក្រោយពីក្រុមហ៊ុនទាំង៣បានអនុវត្តការងាររបស់ខ្លួនហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងមានវិធានការក្តៅ ហើយចំពោះអ្នកដែលមិនបានបង់ថ្លៃសំរាម នឹងមានវិធានការចំពោះអ្នកទុកដាក់សំរាមអាណាធិបតេយ្យផងដែរ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ជុំវិញជំងឺកូវីដ១៩ ដែលបាននិងកំពុងរាតត្បាតពេញពិភពលោក ហើយកម្ពុជាក៏ជាប្រទេសមួយ បានប្រឈមនឹងបញ្ហានេះដែរនោះ លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជុំវិញជំងឺកូវីដ-៩នេះ អាជ្ញាធររាជធានីភ្នំពេញ បានមានវិធានការគ្រប់ជ្រុងជ្រោយ ដោយបានធ្វើការណែនាំដល់អាជ្ញាធរគ្រប់ខណ្ឌទាំង១៤ ដើម្បីបង្ការ និងទប់ស្កាត់នូវការឆ្លងពីជំងឺកូវីដ-១៩នេះ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល ដោយបានដាក់ទីតាំងចត្តាទ្បីស័ក នៅតាមសាលារៀនមួយចំនួនផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញខាងលើនេះធ្វើឡើងក្រោមវត្តមានលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អមដោយអភិបាលរងរាជធានី ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជំរុញឲ្យរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតការងារឲ្យកាន់តែប្រសើរឡើងទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋជាដើម៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២