រដ្ឋាភិបាលឡាវប្រកាសអំពីជ័យជំនះក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩

(ឡាវ)៖ រដ្ឋាភិបាលឡាវបានប្រកាសពីជ័យជម្នះដំបូងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បន្ទាប់ពីអ្នកជំងឺ ១៩ នាក់ដែលឆ្លងវីរុសត្រូវបានរំសាយចេញពីមន្ទីរពេទ្យហើយគ្មានករណីថ្មីណាមួយត្រូវបានរកឃើញអស់រយៈពេល ៥៩ ថ្ងៃជាប់ៗគ្នាមកហើយ។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានស៊ីនហួរ ថ្ងៃព្រហស្បិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០។
នាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) បានប្រាប់សន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីវៀងចន្ទ កាលពីថ្ងៃពុធថាប្រទេសឡាវអាចទទួលបានជ័យជំនះដំបូងលើជំងឺរលាកផ្លូវដង្ហើមថ្មី កូវីដ១៩ ហើយវាគឺជាជំហានដំបូង។ប្រទេសឡាវបានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ពីរករណីដំបូង ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃទី ២៤ ខែមីនាកន្លងមក ហើយអ្នកជំងឺចុងក្រោយត្រូវបានរំសាយចេញកាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ។រដ្ឋាភិបាលឡាវបានបើកការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ជាង ២ ខែមកហើយនៅពេលដែលប្រទេសនេះបានដាក់វិធានការការពារ និងត្រួតពិនិត្យក្រោមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីផ្ទាល់តាំងពីថ្ងៃទី ២៩ ខែមីនាមកម្លេះ។

លោកនាយករដ្ឋមន្រ្តីឡាវមានប្រសាសន៍ថា ជ័យជំនះដំបូងអាចធ្វើទៅបានគឺដោយការចូលរួមរបស់ប្រជាជនគ្រប់ស្រទាប់សង្គមឡាវទាំងមូល ដែលបានអនុវត្តវិធានការប្រកបដោយទំនួលខុសត្រូវ។មានកត្តាជាច្រើនទៀតដែលបានរួមចំណែកដល់ជ័យជំនះរួមមានការដាក់វិធានការបង្ការនិងត្រួតពិនិត្យដំបូង និងមានសារៈសំខាន់កាន់តែខ្លាំងថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដោយថ្នាក់ដឹកនាំប្រទេសដែលបានផ្តល់ការណែនាំជាប្រចាំក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ការគាំទ្រនិងជំនួយប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលាពីគ្រប់វិស័យ អង្គការអន្តរជាតិ និងបណ្តាប្រទេសជាមិត្តបានផ្តល់នូវការជំរុញដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ។ទោះបីជាមានសមិទ្ធិផលនេះក៏លោកនាយករដ្ឋមន្រ្តីបានព្រមានដល់គ្រប់វិស័យទាំងអស់ កុំធ្វេសប្រហែសដោយលោកបាននិយាយថាប្រទេសឡាវបច្ចុប្បន្នកំពុងប្រឈមមុខស្ថានភាពអាក្រក់នេះហើយនៅពេលអនាគតនឹងត្រៀមលក្ខណប្រឈមមុខនឹងស្ថានភាពបែបនេះម្តងទៀត។

សូមបញ្ជាក់ថា រដ្ឋាភិបាលឡាវនឹងបន្តវាយតម្លៃពីស្ថានភាព និងកែប្រែវិធានការណ៍ការពារនិងត្រួតពិនិត្យឱ្យបានសមស្របនិងត្រឹមត្រូវ ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រក្រតីនិងចាប់ផ្តើមប្រតិបត្តិការអាជីវកម្មឡើងវិញជាបណ្តើរ ៗ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២