ក្រុមអ្នកជំនាញវេជ្ជសាស្រ្តអង់គ្លេសណែនាំថ្នាំ ឌិចហ្សាម៉េថាសុន (dexamethasone) ដែលអាចសង្គ្រោះជីវិតអ្នកជំងឺកូវីដ១៩ក្នុងស្ថានភាពធ្ងន់ធ្ងរ

(ឡុងដ៍)៖ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តអង់គ្លេសបានប្រកាសនាដើមសប្តាហ៍នេះថា អង់គ្លេសនិងអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំមួយប្រភេទ ដែលអាចសង្គ្រោះជីវិតអ្នកជំងឺ កូវីដ១៩ បាននៅក្នុងដំណាក់កាលធ្ងន់ធ្ងរ ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។
ថ្នាំដែលត្រូវបានពិសោធន៍ឃើញប្រសិទ្ធភាពខ្ពស់នេះមានឈ្មោះថា ឌិចហ្សាម៉េថាសុន (dexamethasone) ជាថ្នាំដែលមួយអាចព្យាបាលជំងឺ ដូចជាការឈឺសន្លាក់, ជំងឺសួតរុំារ៉ៃ, ឈឺភ្នែកនិងរោគសញ្ញានៃជំងឺរបេងមួយចំនួនថែមទៀត។ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តនៃចក្រភពអង់គ្លេសបានចាត់ទុកថា ការពិសោធន៍ថ្នាំ dexamethasone គឺជាជោគជ័យធំមួយសម្រាប់អង់គ្លេស ក្នុងការកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសដែលឈរនៅលំដាប់លេខ ៣ លើលោក ដែលមានអ្នកស្លាប់ច្រើនបំផុត ដោយសារតែវីរុសកូរ៉ូណា ឬជំងឺកូវីដ១៩ថ្មីនេះ។
ប្រធានការិយាល័យវេជ្ជសាស្ត្រនៃចក្រភពអង់គ្លេស លោកសាស្ត្រាចារ្យ គ្រីស វីតធី (Chris Whitty) បានលើកឡើងថា ថ្នាំ dexamethasone ពិតជាអាចសង្គ្រោះជីវិតជាច្រើន នៅទូទាំងសកលលោក។ ការប្រើប្រាស់ថ្នាំប្រភេទនេះអាចកាត់បន្ថយអត្រាស្លាប់ រហូតដល់ទី ២៥ភាគរយ សម្រាប់អ្នកដែលកំពុងបំពាក់ប្រព័ន្ធជំនួយការដកដង្ហើម ហើយសម្រាប់អ្នកដែលបំពាក់អុកស៊ីហ្សែនវិញ គឺអាចជួយបាន១៥ភាគរយ ។
សូមជម្រាបថា គិតចាប់តាំងពីការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំ dexamethasone នេះមក ថ្នាំមួយប្រភេទនេះបានជួយសង្គ្រោះអ្នកជំងឺកូវីដ១៩ សរុបប្រមាណ ៥,០០០នាក់ នៅអង់គ្លេសបានគេចផុតពីក្តីស្លាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២