ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានពីការកែសម្រួលវិធានការសម្រាប់ពលរដ្ឋខ្មែរ​ និងមន្ត្រីការទូត​ ព្រមទាំងមន្ត្រីអង្គការអន្តរជាតិ​ ចូលមកកម្ពុជា

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ស្តីពី វិធានការកែតម្រូវសម្រាប់សម្រួលដល់អ្នកដំណើរជាពលរដ្ឋខ្មែរ កាន់លិខិតឆ្លងដែនបរទេសចូលមកកម្ពុជា ការធ្វើចត្តាឡីស័កសម្រាប់មន្ត្រីការទូត និងមន្ត្រីអង្គការអន្តរជាតិដែលមានទិដ្ឋាការប្រភេទ A និង B។

ដោយមានការយល់ព្រមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ សេចក្តីប្រកាសលេខ១០១ សខល ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ អំពីការកែសម្រួលលើវិធានការការពារ ទប់ស្កាត់ និងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩ សម្រាប់អ្នកដំណើរទាំងអស់ចូលមកកម្ពុជារួមទាំងអ្នកការទូត ត្រូវបានកែសម្រួលដូចតទៅ៖

១-លើកលែងការតម្រូវឱ្យមានការធានារ៉ាប់រ៉ងសុខភាព និងការតម្កល់ប្រាក់ចំនួន ៣ពាន់ដុល្លារអាមេរិក សម្រាប់សេវាផ្សេងៗក្នុងការធ្វើតេស្ត ការធ្វើចត្តាឡីស័ក និងពិនិត្យព្យាបាលជំងឺកូវីដ១៩ ចំពោះអ្នកដំណើរជាពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនបរទេសដែលមានទិដ្ឋាការពិសេស ចូលមកកម្ពុជា ប៉ុន្តែតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព ចេញដោយអាជ្ញាធរសុខាភិបាលទទួលស្គាល់ដោយប្រទេសសាមី ដែលបញ្ជាក់ថាគ្មានវីរុសកូវីដ១៩ និងមានសុពលភាព៧២ម៉ោង ចាប់ពីចេញដំណើរពីប្រទេសតាំងនៅ។

២-ស្ថានបេសសកម្មបរទេស និងអង្គការអន្តរជាតិនៅភ្នំពេញទាំងអស់ដែលមានអ្នកការទូត និងមន្ត្រីអង្គការអន្តរជាតិចូលមកកម្ពុជា ត្រូវធានាអះអាងពីភាពអវិជ្ជមានជំងឺកូវីដ១៩ របស់អ្នកការទូត និងមន្ត្រីអង្គការអន្តរជាតិទាំងនោះ និងពីការធានាធ្វើបានត្រឹមត្រូវនូវការដាក់ចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃដោយខ្លួនឯង។

៣-រាល់វិធានការផ្សេងៗទៀត ដែលមានចែងក្នុងសេចក្តីប្រកាសលេខ១០១ សខល ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ស្ថិតនៅជាធរមានដដែល៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២