ជំនួបដ៏កក្រើក គូដណ្ដើមខ្សែក្រវ៉ាត់វគ្គផ្ដាច់ព្រាត់រវាង ឃន សុម៉ាលី និង នូវ វណ្ណី នៅលើសង្វៀនMas Fight នឹងមកដល់ចុងសប្តាហ៍នេះហើយ!

ភ្នំពេញ៖ អ្នកគាំទ្រប្រាកដជាទន្ទឹងរង់ចាំការប្រកួតគូរដណ្ដើមខ្សែក្រវ៉ាត់ នៅលើសង្វៀន Mas Fight Cambodia ជាលើកដំបូងដែលជាកម្មវិធីដ៏មានប្រជាប្រិយភាពមួយ រៀបចំឲ្យមានការប្រកួតជម្រុះសន្សំពិន្ទុដើម្បីដណ្ដើមខ្សែក្រវ៉ាត់ក្នុងការប្រកួតប្រភេទទម្ងន់៥៤គីឡូក្រាម ។

ឆ្លងកាត់ការប្រកួតវគ្គសន្សំពិន្ទុអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក​នៅចុងសប្តាហ៍នេះនឹងឈានចូលដល់ការប្រកួតវគ្គដណ្ដើមខ្សែក្រវ៉ាត់ផ្ដាច់ព្រ័ត្រ រវាងអ្នកលេងជើងខ្លាំងវ័យក្មេង សាច់សល្អក្បាច់ ឃន សុម៉ាលី នឹងត្រូវជួបតតាំងប្រណាំងកណ្ដាប់ដៃ ប្ដូរអាវុធ ជាមួយកីឡាករវ័យក្មេងជើងខ្លាំង នូវ វណ្ណី កម្មវិធីចាប់ផ្តើមពីម៉ោង 3:00 រសៀលតទៅ នៅស្ថានីយទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ 6 ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ សូមបងប្ងូនអញ្ជើញចូលរួមទស្សនាដោយសេរី ។

 

ឃន សុម៉ាលី ជាកីឡាករជាទីចាប់អារម្មណ៍ជាងគេតាំងពីជំនួបបើកឆាកដំបូងនៃការប្រកួតវគ្គសន្សំពិន្ទុ គេជាកីឡាករវាយច្បាស់ ស្មារតីរឹងប៉ឹង អាវុធណែនល្អ បទពិសោធន៍ក៏ច្រើននៅលើសង្វៀន ត្រូវបានអ្នកគាំទ្រចាត់ទុកថា ជាកីឡាករដែលមានភាគរយខ្ពស់ក្នុងការឡើងទៅដណ្ដើមខ្សែក្រវ៉ាត់នៅវគ្គផ្ដាច់ព្រ័ត្រ ។

បើក្រឡេកមកមើលកីឡាករនូវ វណ្ណីវិញ ដ្បិតវ័យក្មេង ប៉ុន្តែឆន្ទៈប្រយុទ្ធមិនធម្មតា ប្រវត្តិប្រកួតល្អ ក្បាច់ចេញច្បាស់ ចេះប្រើអាវុធសម្លាប់ និងទប់ ហាក់បីមានជំនឿចិត្តនៅក្នុងការប្រកួតជានិច្ច សាកសមប៉ះជាមួយកីឡាករឃន សុម៉ាលី នាវគ្គផ្ដាច់ព្រ័ត្រនេះ ។ ដូច្នេះជំនួបរវាងអ្នកទាំងពីរនឹងធ្វើឲ្យអ្នកគាំទ្រអង្គុយមិនជាប់នោះទេចុងសប្តាហ៍នេះ ព្រោះសុទ្ធតែអ្នកលេងអាវុធដូចគ្នា ។

មិនតែប៉ុណ្ណោះបងប្អូនក៏បានទស្សនាគូជក់ចិត្តជាច្រើនគូទៀត ប្រកួតសរុបលើសង្វៀន Mas Fight Cambodia សប្ដាហ៍នេះ ក្នុងនោះគូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)គឺកីឡាករ សឹង្គ សុវណ្ណ ត្រូវប៉ះជាមួយ  រិគី អេមអាគមន៍។

គូមិត្តភាពអន្តរជាតិម៉ាស់ហ្វៃ (Mas Fight Rules)អ្នកលេងកែង ម៉ាលី អូប៉  ត្រូវប៉ះជាមួយ  AKBAR មកពីប្រទេសអ៊ីរ៉ង់។អ្នកលេងកណ្ដាប់ដៃ រិទ្ធ វិបុល ប៉ះកីឡាករអឺរ៉ង់ MAHDI MORADI។

យ៉េន ឌីណា ជួបតតាំងកីឡាករចិន TONG ERNUO។ឯម ឡេងលី ត្រូវប៉ះជើងខ្លាំងមកពីប្រទេសអាល្លឺម៉ង់  ELYSEE KOCHEISE។

ព្រឹត្តិការណ៍ប្រកួតដ៏ជក់ចិត្តនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៣រសៀលតទៅ ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV,ទំព័រ facebook page TOWN FULL HDTV, TOWN FM 102,25 និង Cambodia Beer ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២