រាជរដ្ឋាភិបាលនឹងចំណាយថវិកាចំនួន២៥លានដុល្លារក្នុង ១ខែ សម្រាប់ផ្តល់ជូនគ្រួសារក្រីក្រ ៦០ម៉ឺនគ្រួសារ

(ភ្នំពេញ) ៖ ប្រមុខរាជរដ្ឋាភិបាល បានប្រកាសថា នៅថ្ងៃទី២៤ មិថុនា នេះ នឹងអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់២៥លានដុល្លារក្នុង ១ខែ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ ប្រមាណ៦០ម៉ឺនគ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។

ក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ភាគខាងត្បូងរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្ររាជជាណាចក្រកម្ពុជា បានបញ្ជាក់ថា ថវិកាប្រមាណ ២៥លានដុល្លារអាមេរិក ក្នុង ១ខែៗ សម្រាប់ផ្តល់ប្រជាពលរដ្ឋក្រីក្រប្រមាណ ៦០ម៉ឺនគ្រួសារនោះគឺបានមកពីចំណូលពន្ធគយ ។ជាមួយគ្នានេះ ថវិកាមួយផ្នែកទៀតទទួលបានពីមន្ត្រីរាជការប្រមាណពី ៦ ទៅ ៧ម៉ឺននាក់ បានស្ម័គ្រចិត្តផ្តល់ប្រាក់បៀរត្សរ៍ដល់រាជរដ្ឋាភិបាល ក្នុងអំឡុងពេលកូវីដ១៩ ប្រមាណជាង ១០លានដុល្លារ និង ថវិកា១៥លាន ដុល្លារអាមេរិកបន្ថែមទៀត បានមកពីការចូលរួមរបស់សប្បុរសជននានា ដែលដឹកនាំដោយ សម្ដេច ព្រះវររាជមាតាជាតិខ្មែរ នរោត្តមមុនីនាថសីហនុ និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃនៃព្រះរាជជាណាចក្រកម្ពុជា ។

សម្ដេចបានឲ្យដឹងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំរិះរកវិធីនានា ដែលអាចធ្វើបានដើម្បីជួយបងប្អូនប្រជាពលរដ្ឋ ក្រីក្រក្នុងស្ថានភាពចាំបាច់នេះ ។

សូមបញ្ជាក់ថា ក្នុងអនុក្រឹត្យ ដែលចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅនេះ បានគូសបញ្ជាក់ថា គ្រួសារក្រីក្រនិងងាយរងគ្រោះ ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភ ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម ៖

មានប័ណ្ណសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ ។

ចំនួនទឹកប្រាក់ដែលត្រូវផ្តល់ ជូនក្នុងមួយខែចន្លោះពី១៦,០០០រៀល ទៅដល់ ១២០,០០០រៀល ។ កម្រិតសាច់ប្រាក់ ដែលត្រូវឧបត្ថម្ភនេះ ធ្វើឡើងតាមប្រភេទ ជនក្រីក្រក្នុងកម្រិត១ ឬកម្រិត២ ហើយក៏បែងចែក ទៅតាមអ្នកនៅក្នុងរាជធានី និងជនបទផងដែរ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២