សហរដ្ឋអាមេរិកកាត់ផ្តាច់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

(វ៉ាស៊ីនតុន)៖ ទីប្រឹក្សាពាណិជ្ជកម្មនៅសេតវិមានសហរដ្ឋអាមេរិក លោក Peter Navarro បាននិយាយនៅថ្ងៃច័ន្ទម្សិលមិញនេះថាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនត្រូវបានកាត់ផ្តាច់ ហើយលោកបានភ្ជាប់ថាការបែកបាក់មួយផ្នែកនេះគឺដោយសារកំហឹងរបស់ក្រុងវ៉ាស៊ីនតោនចំពោះក្រុងប៉េកាំងដែលមិនបានប្រកាសអាសន្នទាន់ពេលវេលាមុនការផ្ទុះឡើងនៃជំងឹរាតត្បាតកូវីដ១៩។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ChannelNewsAsia នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។
លោក Navarro គឺជាអ្នករិះគន់ម្នាក់ដែលនិយាយច្រើនបំផុតទៅកាន់ប្រទេសចិនក្នុងចំណោមទីប្រឹក្សាជាន់ខ្ពស់របស់លោកប្រធានាធបតី ដូណាល់ ត្រាំ ។នៅពេលដែលត្រូវបានគេសួរអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរលោក Navarro បានប្រាប់ទៅកាន់បណ្តាសារព័ត៌មានថា“ វាចប់ហើយ” ។លោកបាននិយាយថាចំណុចចាប់ផ្តើមដំបូងនៃការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ បានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបានដឹងអំពីការឆ្លងវីរុសប្រល័យលោកថ្មី គឺបន្ទាប់ពីគណៈប្រតិភូចិនបានចាកចេញពីទីក្រុងវ៉ាស៊ីនតោនបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំណាក់កាលទី ១ កាលពីថ្ងៃទី ១៥ ខែមករាកន្លងមក។ វាគឺជាពេលវេលាដែលពួកគេបានបញ្ជូនមនុស្សរាប់ពាន់នាក់មកកាន់ទីនេះដើម្បីចម្លងវីរុសនោះហើយយើងចាប់ផ្តើមលឺអំពីជំងឺរាតត្បាតនេះ គឺប៉ុន្មាននាទីបន្ទាប់ពីយន្តហោះរបស់ពួកគេនោះបានហោះចេញត្រលប់ទៅវិញ ។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនបានឈានដល់ចំណុចទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះចាប់តាំងពីការរាតត្បាតនៃមេរោគឆ្លងដែលបានចាប់ផ្តើមនៅក្នុងប្រទេសចិនបានប៉ះពាល់ដល់សហរដ្ឋអាមេរិកយ៉ាងខ្លាំង។ប្រធានាធិបតីដូណាល់ត្រាំនិងរដ្ឋបាលរបស់លោកម្តងហើយម្តងទៀតបានចោទប្រកាន់ក្រុងប៉េកាំងថាមិនមានតម្លាភាពអំពីការផ្ទុះឡើងនៃជំងឺកូវីដ១៩នេះ។

គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោកប្រធានាធបតី ដូណាល់ ត្រាំ បានធ្វើការគំរាមសារជាថ្មីក្នុងការកាត់ផ្តាច់ចំណងមិត្តភាពជាមួយប្រទេសចិន គឺមួយថ្ងៃបន្ទាប់ពីអ្នកការទូតជាន់ខ្ពស់របស់លោកបានជួបពិភាក្សាជាមួយទីក្រុងប៉េកាំងហើយអ្នកតំណាងពាណិជ្ជកម្មរបស់លោកបាននិយាយថាលោកមិនបានពិចារណាដកសេដ្ឋកិច្ចរវាងអាមេរិក និងចិនជាជម្រើសដែលអាចសម្រេចបានឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២