​គ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករកើតឡើង ៨ករណី និងមានជនរងគ្រោះ ២២៣នាក់ ​ក្នុងឆមាសទី១ឆ្នាំ២០២០នេះ

(ភ្នំពេញ)៖ ក្នុងឆមាសទី១នេះ ករណីគ្រោះថ្នាក់ចរាចរណ៍មកលើរថយន្តដឹកកម្មករនិយោជិតបានកើតឡើងចំនួន ៨ករណី និងបង្កឲ្យមានជនរងគ្រោះចំនួន ២២៣នាក់។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម ព្រាប ច័ន្ទវិបុល ទីប្រឹក្សាផ្នែកសុវត្ថិភាពចរាចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ក្នុងកិច្ចប្រជុំមួយស្តីពីលទ្ធផលការងារសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារអនុវត្តន៍បន្ត របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងសាលប្រជុំធំ នៃបេឡាជាតិសន្តិសុខសង្គម។

ឯកឧត្ដម ព្រាប ច័ន្ទវិបុល បានលើកឡើងថា មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នេះរួមមានការបើកបរលើសល្បឿនកំណត់ ៣៥% មិនគោរពសិទ្ធិអាទិភាព ២៧% ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ១៨% បត់ខ្វះការប្រុងប្រយ័ត្ន ៩% មិនប្រកាន់ស្តាំ ៥% លក្ខណៈបច្ចេកទេសយានយន្ត ១.៨% កត្តាផ្លូវ ២% និងផ្សេងៗ ២.២%។

ឯកឧត្ដម ទីប្រឹក្សាផ្នែកសុវត្ថិភាពចរាចរណ៍ បានលើកឡើងបន្តថា ដោយសារតែករណីល្មើសនេះដែរ បានធ្វើឲ្យមានកម្មករ កម្មករិនីយើងរងគ្រោះចំនួន ២២៣ នាក់ ស្លាប់ចំនួន ២ នាក់ របួសធ្ងន់ចំនួន ៣២ នាក់ របួសស្រាលចំនួន ១៨៩ នាក់) គ្រោះថ្នាក់កើតឡើងដោយរ៉ឺម៉កចំនួន ២ ករណី ជនរងគ្រោះ ២ នាក់ គ្រោះថ្នាក់កើតឡើងដោយកង់ចំនួន ៣ ករណី ជនរងគ្រោះចំនួន ៣ នាក់និង គ្រោះថ្នាក់ដោយថ្មើរជើងមានចំនួន ១៨ ករណី ជនរងគ្រោះចំនួន ១៨ នាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២